ប្រមុខការទូតកម្ពុជា នឹងធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-គង្គា លើកទី១១ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២១ ខែកក្កដា
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-គង្គា លើកទី១១ (11th MGC FMM) ដែលនឹង ប្រព្រឹត្ត ទៅ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០ ២ ១ តាម ប្រព័ន្ធ វីដេអូ។ រដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសមេគង្គផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បញ្ជាក់ឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នឹងពិនិត្យវឌ្ឍនភាព នៃ កិច្ចសហប្រតិបត្តិការ ចាប់ តាំងពីកិច្ចប្រជុំ រដ្ឋ មន្រ្តី ការ បរទេសមេគង្គ-គង្គាលើកទី១០ ដែលបានប្រព្រឹត្តទៅ នៅទីក្រុងបាងកក នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៩ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹង និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ជាពិសេស នៅក្នុង បរិបទនៃជំងឺរាតត្បាតកូវីដ-១៩។ រដ្ឋមន្រ្តីទាំងអស់ រំពឹងថានឹងផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហា តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម។
កិច្ចប្រជុំ 11th MGC FMM តាមប្រព័ន្ធវីដេអូនេះ បញ្ជាក់អំពីសមិទ្ធផលថ្មីបន្ថែមទៀត ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ក្នុងរយៈពេល ២១ឆ្នាំកន្លងមកសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុ តំបន់ មេគង្គ និងប្រទេសឥណ្ឌា ស្របពេលជាមួយការពង្រឹងកិច្ច សហប្រតិបត្តិការរវាងឥណ្ឌា និងប្រទេសមេគង្គ តាមរយៈទំនាក់ទំនងវប្បធម៌ និងរវាងប្រជាជន និង ប្រជាជន។
ដើម្បីអបអរខួបទី២០ នៃកិច្ចសហប្រតិបត្តិការនេះ កិច្ចប្រជុំនឹងមានការបើកសម្ពោធឱ្យដំណើរការនូវគេហទំព័រ MGC ថ្មីស្រឡាងមួយ និងការចាក់បង្ហាញឯកសារវីដេអូ ដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសង្គមវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសមាជិក៕