កិច្ចសន្ទនាអនឡាញស្តីពី ខួប៦៣ឆ្នាំ នៃទំនាក់ ទំនងការទូតកម្ពុជា-ចិនដើម្បីពង្រឹងចំណងមិត្តភាពអោយកាន់តែរឹងមាំថែមទៀត
កិច្ចសន្ទនាអនឡាញ ស្តីពី ខួប៦៣ឆ្នាំទំនាក់ទំនងការទូតកម្ពុជា-ចិន ត្រូវបាន អគ្គលេខាធិការព្រឹទ្ធសភា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ត្រូវបានរៀបចំប្រារព្ធឡើងនាព្រឹកថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១ នេះ លើដើម្បីពង្រឹងចំណងមិត្តភាពសាមគ្គីភាពនិងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលចាត់ទុកថាជាទំនាក់ទំនងដែកថែបនោះឲ្យកាន់តែរឹងមាំនិងមាននិរន្តរភាពថែមទៀត។
ថ្លែងនៅក្នុងពិធីបិទកិច្ចសន្ទនានោះឯកឧត្តម អ៊ុ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភាបានចាត់ទុកថាចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន បានបង្ហាញឱ្យឃើញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ បន្ថែមពីនេះប្រទេសចិនតែងចាត់ទុកទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនគឺជាទំនាក់ទំនងដែកថែប ដែលមិនមានអ្នកណាអាចបំបែកបាន។
ឯកឧត្តមអគ្គលេខាធិការបានបន្តថា ប្រទេសកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយបានគាំទ្រនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» «មូលនិធិផ្លូវសូត្រ» និង«ធនាគារវិនិយោគហេដ្ឋា រចនាសម្ព័ន្ធអាស៊ី» បង្កើតឡើងដោយសាធារណរដ្ឋប្រជាមានិតចិន ដែលជាយុទ្ធសាស្ត្រនយោបាយការទូត និងសេដ្ឋកិច្ច ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍរវាងប្រទេសក្នុងតំបន់ខែ្ស ក្រវ៉ាត់ និងផ្លូវសូត្រ តាមរយៈការតភ្ជាប់ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដើម្បីបង្កើនការវិនិយោគ ការដឹកជញ្ជូន ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ជាដើម ។
ឯកឧត្តមអ៊ុ សារិទ្ធ បានបញ្ជាក់ទៀតថា ការវិនិយោគរបស់ចិនដោយផ្ទាល់នៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចិនបានក្លាយជាប្រទេសធំជាងគេ ដែលបានផ្តល់់ជំនួយអភិវឌ្ឍ ប្រាក់កម្ចីនិងហិរញ្ញប្បទានឥតសំណង ដល់កម្ពុជា ។ ជំនួយ និងការគាំទ្ររបស់ចិន បានរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការជួយឱ្យកម្ពុជាថែរក្សាបាននូវអធិបតេយ្យភាព សន្តិសុខ និងស្ថិរភាពនយោបាយក្នុងប្រទេស។ ថ្មីៗនេះផងដែរ ក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនបានបន្តជួយដល់កម្ពុជា តាមរយៈការផ្តល់ជំនួយជាវ៉ាក់សាំង និងបរិក្ខាពេទ្យយ៉ាងច្រើនជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
ឯកឧត្តមក៏បានរំលឹកអំពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កម្ពុជា និងចិន ដែលត្រូវបានបង្កើតឡើងដោយសម្ដេចព្រះបរមរតនកោដ្ឋ និងឯកឧត្តម ជូ អេនឡាយ អតីតនាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ក្របខ័ណ្ឌទេ្វភាគី អង្គនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរតែងបន្តពូនជ្រុំ និងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន។ ក្រៅពីនេះ ក្នុងក្របខ័ណ្ឌពហុភាគី សភានៃប្រទេសទាំងពីរតែងមានការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។
សូមជម្រាបថា កិច្ចសន្ទនាអនឡាញ ស្តីពីខួប៦៣ឆ្នាំទំនាក់ទំនងការទូតកម្ពុជា-ចិននេះ ប្រព្រឹត្តទៅរយៈពេលមួយព្រឹក ក្រោមការសហការរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយមានវាគ្មិនសំខាន់ៗជាច្រើនរូបបានធ្វើបទបង្ហាញប្រកបដោយ អត្ថន័យនិងផលប្រយោជន៍នៃប្រជាជននិងប្រទេសទាំងពីរ។!