ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនក្រុមចោរប្លន់ប្រដាប់អាវុធ ចំនួន៥នាក់ ទៅសាលាដំបូងខេត្តប៉ៃលិន

355

 

ប៉ៃលិន ៖ ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីប្លន់ត្រូវបានកម្លាំងនគរបាលខេត្តប៉ៃលិនឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់នោះ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន នៅចំណុចដីចំការជាប់អូរ ស្ថិតក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ កម្លាំងសមត្ថកិច្ចខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជូនក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៥នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ក្រោយបង្ក្រាបបាន។

មន្ត្រីនគរបាលខេត្តប៉ៃលិន បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកក្កដា នេះថា កាលពីវេលាម៉ោង១៨នឹង៣០នាទីល្ងាច នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ មានករណីកំហែងយក(ស្ទាក់ប្លន់បានសម្រេច) ០១លើក កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសាលាក្រៅ ចុះស៊ើបអង្កេតស្រាវជ្រាវស្វែងរកមុខសញ្ញា តាំងពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដោយមានការសង្ស័យពីកន្លែងលាក់ខ្លួន របស់ជនង្ស័យ កម្លាំងជំនាញក៏បានបែងចែកជា០២ក្រុមប្រតិបត្តិការ។

ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង០៧និង៣០នាទីព្រឹក កម្លាំងជំនាញបានចុះបង្ក្រាបនៅចំណុចចម្ការដំឡូងខាងកើតសៃឡូតាឡិ ក៏មានម៉ូតូ០១គ្រឿងជិៈឆ្លងកាត់ ដោយមានការសង្ស័យក៏បានហៅសាកសួរ តែមិនឈប់ក៏បានជិះរត់គេចហើយកម្លាំងរបស់យើង បានជិះដេញតាមលុះមកដល់ចំណុចកើតហេតុនៅវេលាម៉ោង០៧និង៤០នាទីព្រឹក ជនសង្ស័យក៏បានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ចចំនួន០៥គ្រាប់ហើយកម្លាំងយើងក៏បានបាញ់តបតទៅវិញចំនួន០៧គ្រាប់ផងដែរ។ បន្ទាប់មកកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានចុះមកជួយអន្តរាគមន៍បង្ក្រាបបទល្មើសខាងលើ និងបានស្រាវជ្រាវបន្តររហូតដល់វេលាម៉ោង១៧និង០០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក៏បានឃាត់ខ្លួនសង្ស័យបន្ថែមចំនួន០៥នាក់។

ជនសង្ស័យទី១-ឈ្មោះ វ៉ៃ អិ ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន, ទី២-ឈ្មោះ ស្រស់ វណ្ណនេត ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន, ទី៣-ឈ្មោះ បុល រ័ត្ន ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ទី៤-ឈ្មោះ យឿន ឈួន ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទំនប់ ឃុំស្ទឹងត្រង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងទី៥-ឈ្មោះ ទួន ស្រីយ៉ា ភេទស្រី អាយុ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

វត្ថុតាងដកហូតរួមមាន៖ អាវុធខ្លីកែច្នៃចំនួន ០១ដើម, អាវុធវែងកែច្នៃប្រើខ្យល់ចំនួន០១ដើម, កាំបិតខ្លីចំនួន០១ដើម, គ្រាប់កាំភ្លើងAK ចំនួន ០៧គ្រាប់។ ជនសង្ស័យ ក៏ដូចជាវត្ថុតាងត្រូវបានកម្លាំងផ្នែកជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង