ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យការរៀបចំខឿនចិញ្ចើមផ្លូ វសម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង និងពិនិត្យគុណភាពនៃការចាក់បេតុងស្ពាន និងផ្លូវ នៃគម្រោងផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប

57

 

សៀមរាប ៖ នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា អនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យការរៀបចំខឿនចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរដោយ ថ្មើរជើង និងពិនិត្យគុណភាពនៃការចាក់បេតុងស្ពាននិងផ្លូវ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យការរៀបចំខឿនចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរ ដោយថ្មើរជើង ដើម្បីលើកកម្ពស់សោភ័ណភាព សុវត្ថិភាពសងខាងផ្លូវ និងភាពទាក់ទាញដល់ភ្ញៀវជាតិនិងអន្តរជាតិឱ្យស្របតាមបទដ្ឋានបច្ចេកទេស សក្តិសមជាទីក្រុងទេសចរណ៍សម័យទំនើប និងពិនិត្យ គុណភាពនៃការចាក់បេតុងស្ពាននិងផ្លូវ ដើម្បីធានាបានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
គួររម្លឹកផងដែរថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុម ដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ ពេលវេលា។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ក) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣៥,៨៧៦គីឡូម៉ែត្រ ខ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប៩,៣៨៩ គីឡូម៉ែត្រ គ) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១០,៨៨០ គីឡូម៉ែត្រ ឃ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥២,៥៩៦ គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរ បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើង ដល់តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្ត សៀមរាបនេះ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន៦៦.៣៤% ប្រើប្រាស់រយៈពេលសាង សង់ចំនួន៧ខែ៕

អត្ថបទដែលជាប់ទាក់ទង