មណ្ឌលផ្តល់សេវាសាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូននៅ ផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប ត្រូវបានបើកឱ្យដំណើរការជាផ្លូវការ ដោយគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល
សៀមរាប៖ ថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញជាអធិបតីភាពក្នុងការបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈក្រសួង សាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប។
ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ឱ្យស្របតាម គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ការរៀបចំកម្មវិធីនេះ ត្រូវបានប្រារព្ធឡើងដោយមានការ ចូលរួមត្រឹមតែគណៈប្រតិភូក្រសួង និងគណៈប្រតិភូរដ្ឋបាលខេត្តមួយចំនួនតូចតែប៉ុណ្ណោះ និងបានគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល រួមមាន៖ ការរក្សាគម្លាត លាងដៃនឹងអាល់កុល ឬ ជែល ពាក់ម៉ាសបានត្រឹមត្រូវ និងបានប្រកាសជូនដល់បងប្អូនប្រជាពលរដ្ឋអំពីការបើកដំណើរការនេះ តាមរយៈបណ្តាញសារព័ត៌មានប៉ុណ្ណោះ។
មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះជាមណ្ឌលទី៥ បង្កើតឡើងក្នុងគោលបំណងដើម្បីជួយសម្រួលដល់ ការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់ នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។
បងប្អូនប្រជាពលរដ្ឋអាចមកទទួលសេវាប្តូរបណ្ណបើកបរយានយន្ត ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)តាមរយៈមណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៨យប់ ស្ថិតនៅជាន់ទី២ នៃផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk) មានអាសយដ្ឋានឋិតនៅអាគារលេខ ១៥៨ ផ្លូវជាតិលេខ៦ ភូមិ មណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ថ្លែងក្នុងកម្មវិធីបើកដំណើរការនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប អាចមកទទួលសេវាប្តូរបណ្ណបើកបរ យានយន្ត ចុះបញ្ជី រថយន្ត ផ្ទេរកម្ម សិទ្ធិរថយន្ត និងដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅ មណ្ឌលផ្តល់សេវាសាធារណៈថ្មី នៅក្នុងផ្សារទំនើប ហេរីថេក វ៉ក ជាន់ទី២ ចាប់ពីថ្ងៃបើកឱ្យដំណើរការនេះតទៅ និងបានបន្ថែមថា៖ បងប្អូនប្រជាពលរដ្ឋនឹងកាន់តែមានភាពងាយស្រួល និងអាចមកទទួល សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព តាមរយៈកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានទាក់ទងនឹងការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំក្រុមអ្នកតវ៉ាលើការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ឱ្យមានការយល់ចំពោះការអនុវត្តច្បាប់ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ពីព្រោះក្រសួងសាធារណការ និងដឹកជញ្ជូនគ្មានសិទ្ធិរំលោភច្បាប់ដែលសភាជាតិ និងព្រឹទ្ធសភាជាតិបាន អនុម័ត និងឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើដោយព្រះមហាក្សត្រនោះបានទេ។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ បច្ចុប្បន្នក្រុមការងារជំនាញក្រសួង និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានសហការរៀបចំកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក អាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសច្បាប់ តាមរយៈការស្កេនលើប័ណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ទៅតាមស្ថាននៃបទល្មើស ដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម ហើយកម្មវិធីនេះ(App)គ្រោងនឹងគោរពរាយការណ៍ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាពេលឆាប់ៗនេះ ដើម្បីស្នើសុំការឯកភាព និងអាចដាក់ឱ្យប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២ខាងមុខ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពន្យល់បន្ថែមទៀតថា៖ កម្មវិធីដកពិន្ទុប័ណ្ណបើកបរនេះ បង្កើតឡើងដើម្បីឱ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយហេតុថា ជារៀងរាល់ឆ្នាំ រដ្ឋបានខាតបង់ថវិកាជាតិប្រមាណ៣៥០លានដុល្លារអាមេរិកដោយសារគ្រោះថ្នាក់ ចរាចរណ៍ និងបានបង្កឱ្យប្រជាពលរដ្ឋរងរបួស ស្លាប់ ខូចខាតទ្រព្យសម្បត្តិឯកជន និងចំណាយលើការ បង់ថ្លៃព្យាបាល និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកសាងប្រទេសជាតិមាតុភូមិយើងឱ្យបានរុងរឿងប្រកបដោយមោទនភាពជាតិខ្មែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរផងដែរដល់មនុស្សបួនប្រភេទ រួមមាន៖ អ្នកថា អ្នកធ្វើ អ្នក ឈរមើល និងអ្នកទិទៀន ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងប្រទេសជាតិយើងឱ្យ បានរុងរឿងថែមទៀត និងបានរម្លឹកនូវពាក្យស្លោកមួយឃ្លាថា៖ សំដីអត់ប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង។
ទាក់ទងនឹងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវមោទនភាព ជាអនេក ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចនាយករដ្ឋមន្ត្រី បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយគិតថ្លៃបានចំនួន ៦ លាននាក់ ស្មើនឹង ៦០%នៃប្រជាពលរដ្ឋដែលត្រូវទទួលវ៉ាក់សាំង។
ជាមួយគ្នានោះផងដែរ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើង ថា៖ នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំយក ចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្ខិតយកសេវារបស់ខ្លួនមកដាក់បម្រើជូនប្រជាពលរដ្ឋដល់តាមបណ្ដាខេត្ត ព្រមទាំងការខិតខំប្រឹងប្រែងបង្កើត និងកែប្រែប្រភេទសេវាមួយចំនួនទៅជាការស្នើសុំតាមរយៈ ប្រព័ន្ធស្វ័យ ប្រវត្តិកម្ម (Online) ផងដែរ ដែលនេះជាការបង្កលក្ខណៈកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ នៅក្នុងខេត្ត សៀមរាប ក្នុងការស្នើសុំសេវា ដោយមិនចាំបាច់ធ្វើដំណើរទៅស្នើសុំសេវានៅរាជធានីភ្នំពេញ។
ឯកឧត្តម អភិបាល នៃគណៈអភិបាល បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលសេវា ដោយផ្ទាល់ នៅផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk) និងអង្គភាព ច្រកចេញចូលតែមួយ រដ្ឋបាលខេត្ត កុំចាំបាច់ពឹងពាក់អ្នកដទៃ (អ្នករត់ការ) ដែលនាំឱ្យខាតបង់ថវិកាច្រើន និងសូមឱ្យមន្ត្រីបម្រើ សេវា ធ្វើជាមន្ត្រីបម្រើរាស្ត្រដោយស្មោះត្រង់ ផ្តល់សេវាជូនប្រជាពលរដ្ឋ បានកាន់តែ លឿន និងឆាប់រហ័ស ហើយលុបបំបាត់នូវភាពអសកម្មទាំងឡាយ។
សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌល ផ្តល់សេវាសាធារណៈបានចំនួន៥ទីតាំង រួមមាន៖ ១)មណ្ឌលប្ដូរ និងពន្យាបណ្ណបើកបរផ្សារទំនើបអ៊ីអន ១ (AEON 1) បានបើកដំណើរការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ផ្តល់សេវាប្ដូរនិងពន្យាបណ្ណ បើកបរយានយន្តសម្រាប់ជនជាតិខ្មែរ ២)មណ្ឌលផ្ដល់សេវាបណ្ណបើកបរផ្សារទំនើបអ៊ីអន ២ (AEON 2) បានបើកដំណើរការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ផ្តល់សេវាប្ដូរ និងពន្យាបណ្ឌបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ៣)មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល (CHIP MONG NORO MALL) បានបើកដំណើរការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ផ្តល់សេវាចុះបញ្ជី យានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ បណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ៤)មណ្ឌល ផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកដំណើរការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) អាជីវកម្មដឹកជញ្ជូន អាជីវកម្មដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ ឆ្លងកាត់ព្រំដែន និងកំពង់ផែ ៥)មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប ហេរីថេក វ៉ក (THE HERITAGE WALK) បានដំណើរការបណ្ដោះអាសន្ននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ត្រៀមដំណើរការ ផ្លូវការនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ គិតចាប់ពីឆ្នាំ២០១៦ ដល់ចុងខែមិថុនា ២០២១ ក្រសួងបានផ្តល់សេវាសរុបមានចំនួនដូចតទៅ៖ សេវាសរុបក្នុងមណ្ឌលបានប្រមាណ ១៥០ ០០០ សេវា ស្មើនឹង១១% និងសេវាសរុបទូទាំងប្រទេសបានប្រមាណ ១ ៤២០ ០០០ សេវា។
បច្ចុប្បន្ន ក្រសួងបាននឹងកំពុងធ្វើកំណែទម្រង់ ខិតខំរិះរកគ្រប់មធ្យោបាយ និងអភិវឌ្ឍខ្លួនឥតឈប់ឈរ ក្នុងគោលបំណងលើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាក់ស្តែង ក្រសួងបានដាក់ឱ្យ ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ដោយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ជំរុញឱ្យការផ្តល់ សេវាសាធារណៈកាន់តែប្រសើរឡើង តាមប្រព័ន្ធអនឡាញ ឬទៅកន្លែងផ្តល់សេវា ដែលកំណត់ដោយ ក្រសួងរួមមាន៖
ចុះបញ្ជីយានយន្ត៖ តាមប្រព័ន្ធអនឡាញ vehicle.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវារួមមាន៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ការិយាល័យ ច្រកចេញចូលតែមួយ និងហាងលក់យានជំនិះ ២៥រាជធានី-ខេត្ត ព្រមទាំង ប្រព័ន្ធលេខពិសេសផ្ទាល់ខ្លួន ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការស្វែងរកលេខក្នុងចំណោម ប្រមាណ ៣,៥ ទ្រីលានជម្រើស ដើម្បីចូលរួមដេញថ្លៃជាសាធារណៈ ស្នើសុំទិញលេខទុក និងចុះបញ្ជីយានជំនិះ ដោយខ្លួនឯងតាមប្រព័ន្ធ អនឡាញ vehicle.mpwt.gov.kh ឬទៅកាន់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។
ការផ្តល់បណ្ណបើកបរ៖ តាមប្រព័ន្ធអនឡាញ driverlicense.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវា រួមមាន៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូន និងនៅមណ្ឌលផ្តល់ សេវាប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើប AEON1 និង AEON2 ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk)។
ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ៖ ដាក់ពាក្យតាមប្រព័ន្ធអនឡាញ techinspection.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវារួមមាន៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូន និងរថយន្តឆៀកចល័ត៣គ្រឿង ចុះទៅគ្រប់បណ្តាខេត្ត។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ នៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈលេខទូរសព្ទ HOTLINE៖ 1275៕