ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម ៖ ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើងជាសាធារណៈមានតម្លាភាព និងលុបបំបាត់ឲ្យខានតែបាន ចំពោះជនឆ្លៀតឱកាសចាំយកលុយទឹកតែ

90

 

កំពង់ចាម៖ អភិបាល នៃគណៈ អភិបាល ខេត្តកំពង់ចាមលោក គួច ចំរើន កាលពីរសៀល ថ្ងៃ ទី ២៤ ខែសីហា ឆ្នាំ ២០១៨ បានអញ្ជើញ ជា គណៈអធិបតី ក្នុង ការ ដេញ ថ្លៃ គម្រោង មូលនិធិឃុំ -សង្កាត់ សម្រាប់ ធ្វើ ការ សាងសង់ ផ្លូវ ក្រាលគ្រួសក្រហម ផ្លូវបេតុង ស្តា ប្រឡាយ និង គម្រោងអភិវឌ្ឍន៍ផ្សេងៗ ចំនួន ១០ឃុំ របស់ ស្រុក បាធាយ និង ១១គម្រោង របស់ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម។

   លោក គួច ចំរើន ក្នុងឱកាសនោះ បាន ស្នើឲ្យ តំណាង ក្រុមហ៊ុន ទទួល ការ ទាំង អស់ ដែល មាន វត្តមាន ចូលរួម ក្នុង ការ ដេញផ្លៃ នេះ គឺ សូម ឲ្យ មានការ ដេញថ្លៃ ដោយ សេរី និងយុត្តិធម៌ ជៀសវាង ការ ឃុបឃិត គ្នា ក្នុង រូបភាព ណាមួយ ជា ដាច់ខាត ព្រោះ នេះ ជា កញ្ចប់ ថវិកា សម្រាប់ ធ្វើ ការ អភិវឌ្ឍ ក្នុង មូលដ្ឋាន ដូច្នេះ ការ ដេញ ថ្លៃ ត្រូវ ឲ្យ មាន តម្លាភាព និង ការ សាងសង់ ផ្លូវ ធ្វើ ឲ្យ ត្រូវ តាម ស្តង់ដារ លក្ខណៈ បច្ចេកទេស 

លោក អភិបាលខេត្ត បាន សង្កត់ ធ្ងន់ថា ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើង ជាសាធារណៈ នៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីអោយមានតម្លាភាព និងជៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុង អំឡុងពេលដំណើរការនីតិវិធីដេញថ្លៃ ជាពិសេស ត្រូវ លុបបំបាត់ ឲ្យ ខានតែបាន ចំពោះជនឆ្លៀតឱកាសចាំយកលុយទឹកតែ។ ដោយឡែកអ្នកទទួលការ ដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរព ឲ្យ បានត្រឹមត្រូវ ទៅតាមលក្ខខណ្ឌ បច្ចេកទេស និងរយៈពេលកំណត់ នៃកិច្ចសន្យា។

  ការ ដេញ ថ្លៃ គម្រោង មូលនិធិឃុំ រួមមាន ស្រុកបាធាយ ចំនួន១០គម្រោង និងនៅស្រុកជើងព្រៃ ចំនួន ១១គម្រោង មានទំហំទឹកប្រាក់ប្រមាណ ១,៣៤០លានរៀល បាន ដំណើរ ការទៅ ដោយ រលូន និង តម្លៃ មាន ការ ធ្លាក់ ចុះ លើស ពី ៥០%ទៀត នោះ គឺ កញ្ចប់ ថវិកា របស់ យើង នៅសល់ ច្រើន ដូច្នេះ យើង អាច ត គម្រោង ធ្វើ ផ្លូវ ឬ ប្រឡាយ បាន ជាច្រើន ម៉ែត្រ ទៀត ។ការដេញ ថ្លៃ គម្រោង មូលនិធិឃុំ ទាំង ២ស្រុក ស្មើនឹង ២១គម្រោង បាន ដំណើរ ការ ដោយ រលូន និង មាន របៀបរៀបរយ ល្អ ដោយ តម្លៃ ធ្លាក់ ចុះ ជាច្រើន ទៀត នោះ ដូច្នេះ ប្រធាន គណៈ កម្មាការ ម្ចាស់ លទ្ធកម្ម ឃុំ បាន ធ្វើការ ប្រកាស ទទួល យក ដោយ រីករាយ ព្រមទាំង បាន ធ្វើការ ផ្តាំផ្ញើរ ថា ក្រុមហ៊ុន អ្នក ទទួល ការ ទាំង អស់ ត្រូវ អនុវត្តន៍ ការងារ សាងសង់ ឲ្យ មាន គុណភាពល្អ និង ត្រូវ តាម ស្តង់ដារ លក្ខណៈ បច្ចេកទេស ប្រយោជន៍ ដល់ ការ ប្រើប្រាស់ របស់ ប្រជាពលរដ្ឋ ដែល កំពុងតែ ទន្ទឹង រង់ចាំ ផងដែរ ។

    គួរបញ្ជាក់ថា ដោយសារ កន្លង មក ការ ដាក់ ដេញ ថ្លៃ គម្រោង នៅ តាម ឃុំ -សង្កាត់ ម្តងៗ តែងតែ មាន ភាព រញ៉េរញ៉ៃ និង មិន ប្រក្រតី ទៀត នោះ ដូច្នេះ ការ ដាក់ ដេញ ថ្លៃ គម្រោង ខាងលើនេះ ត្រូវ បាន ប្រមូល ផ្ដុំ ធ្វើ ឡើង នៅ សាលា ស្រុក ហើយ លោកអភិបាលខេត្ត បានអញ្ជើញ ចុះ ពិនិត្យ ការ ដេញ ថ្លៃ ជាសាធារណៈ នេះ ដោយ ផ្ទាល់ ដើម្បី ឲ្យ ដំណើរ ការនៃការ ដេញ ថ្លៃ បានប្រព្រឹត្ត ទៅ ដោយ រលូន និង មាន ភាព សុក្រិត និងយុត្តិធម៌ ៕

អត្ថបទដែលជាប់ទាក់ទង