ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តសៀមរាប មានចំនួនអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់ គួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យអាជ្ញាធរខេត្ត មានការព្រួយបារម្ភយ៉ាងខ្លាំង

56

 

ខេត្តសៀមរាប ៖ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ កើនឡើងជាប្រចាំពីមួយថ្ងៃទៅមួយថ្ងៃ អាជ្ញាធរខេត្ដសៀមរាបបានសម្រេចយកភោជនីយដ្ឋាន វិមានមង្គល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាទីតាំងទី៥ សម្រាប់ដាក់ព្យាបាលអ្នកមានជំងឺកូវីដ-១៩ ដែលមានកំរិតស្រាល បន្ទាប់ពីទីតាំងដែលបាននឹងកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ មិនមានគ្រែគ្រប់គ្រាន់សម្រាប់ដាក់អ្នកជំងឺ។

ក្នុងឱកាសចុះពិនិត្យទីតាំងទី៥ នៅល្ងាចថ្ងៃទី២១ ខែកក្កដានេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងរយ:ពេលប៉ុន្មានថ្ងៃមកនេះ ខេត្តសៀមរាបមានចំនួនអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យអាជ្ញាធរខេត្តមានការព្រួយបារម្ភយ៉ាងខ្លាំង។ ចំពោះការរៀបចំទីតាំងសម្រាប់ដាក់អ្នកជំងឺទី៥នេះ វាជាការងារបន្ទាន់ដែរអាជ្ញាធរខេត្តត្រូវយកចិត្តទុកដាក់រៀបចំបន្ទាន់ ស្របពេលដែរខេត្តសៀមរាប ក៏កំពុងក្លាយជាខេត្តដែលត្រូវទទួលប្រជាពលរដ្ឋមកពីក្រៅប្រទេសមានចំនួនច្រើន ហើយបន្ទាប់ពីខេត្តសៀមរាបក្លាយជាខ្សែត្រៀមទី២ សម្រាប់ទទួលប្រជាពលរដ្ឋ ដែលទើបត្រឡបមកពីក្រៅប្រទេស ជាពិសេសការបញ្ជូនមកពីខេត្តឧត្តរមានជ័យ ខណ:ខេត្តឧត្តរមានជ័យកំពុងជួនការខ្វះខាតកន្លែងមិនអាចទទួលដាក់ប្រជាពលរដ្ឋខ្មែរចំណាកស្រុកបន្ដទៀតបាន។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា អ្វីដែលគួរឲ្យព្រួយបារម្ភមួយទៀតនោះ គឺបញ្ហាការរកឃើញវីរុសបំប្លែងខ្លួនថ្មីប្រភេទ ឌែលតា (Delta) ដោយបច្ចុប្បន្ន វីរុសបំប្លែងខ្លួនថ្មីនេះ កំពុងបង្កការភ័យខ្លាំងទៅលើប្រជាពលរដ្ឋខ្មែរ ចំណាកស្រុកមកពីក្រៅប្រទេស ដែលមេរោគនេះមានភាពកាចសាហាវជាងមេរោគធម្មតា។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងរួចរាល់ ឬមិនទាន់ចាក់ក្ដី ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ និង ៣ការពារ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណ: បច្ចុប្បន្នជំងឺនេះកំពុងតែមានការកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តរបស់យើង។

ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប បញ្ជាក់ថា ការសម្រេចយកភោជនីយដ្ឋាន វិមានមង្គល ជាទីតាំងសម្រាប់ដាក់អ្នកជំងឺដើម្បីព្យាបាលជំងឺកូវីដ-១៩នេះ គឺដើម្បីសម្រួលដល់កន្លែងព្យាបាលអ្នកជំងឺមួយចំនួនទៀត ក្នុងក្រុងសៀមរាប ខណ:អ្នកវិជ្ជមានកូវីដ-១៩ មានការកើនឡើងជាបន្ដបន្ទាប់គួរឲ្យកត់សម្គាល់។ ឯកឧត្តមបន្ថែមថា ភោជនីយដ្ឋាន វិមានមង្គលជាកន្លែងទី៥ សម្រាប់ព្យាបាលអ្នកជំងឺមានកំរិតស្រាល ដែលទីតាំងនេះអាជ្ញាធរគ្រោងនឹងដាក់គ្រែក្នុងអាគារជាង៣០០គ្រែ និងខាងក្រៅអាគារប្រហែលជាជិត១,០០០គ្រែបន្ថែមទៀត។

ឯកឧត្តមវេជ្ជបណ្ឌិត បានឲ្យដឹងដែរថា នៅក្នុងក្រុងសៀមរាប មានទីតាំងកន្លែងព្យាលបាលអ្នកជំងឺចំនួន៥កន្លែង ទីតាំងទី១- នៅមន្ទីរពេទ្យបង្អែកខេត្ដមានចំនួន៤០គ្រែ សម្រាប់ព្យាលអ្នកជំងឺមានកំរិតធ្ងន់សង្គ្រោះបន្ទាន់, ទី២- នៅសាលាគរុកោសល្យ និងវិក្រិត្ដការខេត្ដ សម្រាប់ព្យាបាលអ្នកជំងឺកំរិតធម្យម ដែលអាចដាក់អ្នកជំងឺពី៨០នាក់ ទៅ១០០នាក់ , ទី៣- នៅវិទ្យាល័យអង្គរ សម្រាប់អ្នកជំងឺមានកំរិតស្រាល, ទី៤- នៅវិទ្យាល័យ ១០មករា១៩៧៩ និងទី៥ គឺភោជនីយដ្ឋាន វិមានមង្គល នេះ។ ជាមួយគ្នានោះកន្លែងព្យាបាលជំងឺកូវីដ-១៩ ទី៥នេះ គឺសម្រាប់តែដាក់តែអ្នកមានវិជ្ជមានកូវីដ-១៩ ដែលបានរកឃើញនៅតាមណ្ឌលចត្ដាឡីស័កនៅក្នុងក្រុងសៀមរាប រួមមាន៖ នៅមណ្ឌលចត្ដាឡីស័ក ,វិទ្យាល័យសម្ដេចឪ ,សាលារៀនវត្ដស្វាយ និងទីតាំងមណ្ឌលចត្ដាឡីស័កក្នុងស្រុកមួយចំនួនជាប់ក្រុងសៀមរាប។

សូមជម្រាបថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភ: គិតត្រឹមល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប រកបានឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៣,៣១៧នាក់, បានព្យាបាលជាសះស្បើយចំនួន ១,៤៩៦នាក់, ស្លាប់៣១នាក់ និង១,៧៩០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក ស្រុកសូទ្រនិគម៕

អត្ថបទដែលជាប់ទាក់ទង