ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតសិង្ហបុរី អញ្ជើញទស្សនកិច្ច និងស្វែងយល់អំពីសិប្បកម្ម ចម្លាក់ ប្រាក់ ស្ពាន់ នៅភូមិកោះចិន

323

 

ខេត្តកណ្ដាល៖ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ត្យូ ឡេឆេង និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ព្រមទាំងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកពញាឮ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញមកទស្សនកិច្ច និងស្វែងយល់អំពីសិប្បកម្ម ចម្លាក់ ប្រាក់ ស្ពាន់ នៅមជ្ឈមណ្ឌលសិប្បកម្មកោះចិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ត្យូ ឡេឆេង បានសម្តែងនូវការរីករាយ នៅពេលបានមកដល់ភូមិនេះ ឃើញអ្នកភូមិចេះបង្កើតស្នាដៃចម្លាក់លើ ប្រាក់ ស្ពាន់ និងលោហៈផ្សេងៗ ដោយប្រើដៃបានយ៉ាងស្ទាត់ជំនាញ និងស្រស់ស្អាត ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរស្រុក ដែលបានឆ្លៀតពេលវេលាដ៏មមារញឹកដឹកនាំក្រុមការងារចុះមកទស្សនៈកិច្ចពិនិត្យទីតាំងជាក់ស្តែង និងបានទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ដែលបញ្ជាក់ថា កម្ពុជា–សិង្ហបុរី គឺមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ក្នុងនោះរួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។

លោកជំទាវបានបញ្ជាក់ថា ក្នុងការដំណើរទស្សនកិច្ចនេះ គឺលោកជំទាវ មានគោលបំណង ដើម្បីស្វែងយល់ពីផលិតផលទេសចរណ៍ ក្នុងស្រុករបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍក្នុងតំបន់ ពិសេសគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តការ ទេសចរណ៍ក្នុងក្របខ័ណ្ឌអន្តរជាតិរវាងកម្ពុជា និងសឹង្ហបុរី ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានជម្រាបដល់លោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថា ប្រវត្តិនៃវិស័យចម្លាក់ប្រាក់ ស្ពាន់ នៅក្នុងឃុំកោះចិននេះ គឺមានដើមកំណើតជាយូមកហើយ ពិសេសបានសង្កត់ធ្ងន់ ក្នុងសម័យឧត្តុង្គដែលព្រះមហាក្សត្រ តាំងរាជធានីនៅភ្នំព្រះរាជទ្រព្យ ដូច្នេះហើយទើបបានជាភូមិសាស្ត្រនេះ សម្បូរទៅដោយជាងទងដ៏ប៉ិនប្រសព្វ និងមានទឹកដៃល្អៗជាច្រើនក្នុងការចម្លាក់ប្រាក់ និងស្ពាន់រហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមបន្តថា ប្រជាជនភាគច្រើនក្នុងតំបន់នេះ គឺចាប់យកមុខរបរជាអ្នកឆ្លាក់ចម្លាក់ ប្រាក់ ស្ពាន់ ក្រៅពីការងារធ្វើស្រែចំការ និងការងារផ្សេងៗទៀត ហើយផលិតផលដែល ជាងទងធ្វើពីលោហៈ ស្ពាន់ ប្រាក់ សំរឹទ្ឋ ទង់ដែង មានដូចជា ផ្តិល ថាស ថូ ពែង ចាន ស្លាបព្រា រូបសត្វ សម្ភារៈតាំងលម្អមួយចំនួន ព្រមទាំងវត្ថុអានុស្សាវរីយ៍ផ្សេងៗ របស់អ្នកភូមិកោះចិន ដែលបានផលិតរួច ត្រូវបានប្រជាពលរដ្ឋ នាំយកមកលក់នៅលើទីផ្សារ មួយចំនួននៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា និងទុកសម្រាប់លក់ជូនភ្ញៀវទេសចរ ដែលបានមកទស្សនាកម្សាន្តនៅក្នុងភូមិនេះផ្ទាល់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវ ដល់លោកជំទាវឯកអគ្គរដ្ឋទូតសង្ហបុរី ប្រចាំប្រទេសកម្ពុជា សូមជួយផ្សព្វផ្សាយអំពីស្នាដៃដ៏ល្អ ក្នុងវិស័យចម្លាក់ ប្រាក់ ស្ពាន់ ឃុំកោះចិន ស្រុកពញានៅ និងជួយស្វែងរកទីផ្សារ ឲ្យបានទូលំទូលាយទៅកាន់បរទេស៕

អត្ថបទដែលជាប់ទាក់ទង