ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានព្រះមហាក្សត្រ ព្រះរាជទាន លើកលែងទោស

77


ភ្នំពេញ៖ លោក​​ អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានព្រះបាទ សម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ត្រាស់បង្គាប់លើកលែងទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

យោងតាមព្រះរាជក្រឹត្យ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះត្រាស់បង្គាប់៖ មាត្រា១៖ ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ អ៊ុំ សំអាន ភេទប្រុស អាយុ៤០ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើងតាមអំណាចសាលដីកាលេខ ៥៤ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូល។

ដីការបដស់តុលាការបានបញ្ជាក់ថា តាមអំណាចព្រះរាជក្រឹត្យខាងលើ ឈ្មោះ អ៊ុំ សំអាន កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧៦ ត្រូវបានលើកលែងទោស គប្បីធ្វើការដោះលែងឲ្យមានសេរីភាពវិញ។

បន្ទាប់ពីទទួលបានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃកម្ពុជា សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាឲ្យប្រធានពន្ធនាការដោះលែងឲ្យលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឲ្យមានសេរីភាពនៅរសៀលថ្ងៃនេះ។

គួរ​បញ្ជាក់​ថា​​ លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។

លោក អ៊ុំ សំអាន ត្រូវបានតុលាការចេញដីកាចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ (លេខ៥៤) សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួន ពីរបទល្មើសគឺបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទ ញុះញង់ឱ្យ​មានការរើសអើង តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាមរយៈការសរសេរ និងអត្ថាធិប្បាយ ចោទប្រកាន់រាជរដ្ឋាភិបាលពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម។ លោកត្រូវបានតុលាការសម្រេចឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ដើម្បីអនុវត្តទោស ប៉ុន្តែការចោទនេះ ត្រូវបានលោក អ៊ុំ សំអាន ច្រានចោល នឹង​ប្តឹ​ងជាបន្តបន្ទាប់ រហូត​ដល់តុលា​ការកំពូល។

នៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសាទុក្ខ របស់លោក អ៊ុំ សំអាន។ ប៉ុន្តែលោក អ៊ុំ សំអាន បានស្នើសុំតុលាការ ឲ្យលើកពេលវិញ ដោយថា គ្មានមេធាវីការពារ និងបានប្រកាសនៅមុខក្រចកសេះ ថា មិនទទួលយកមេធាវី ដែលតុលាការចាត់តាំ​ងនោះទេ។

ជាមួយគ្នានោះដែរ លោក ម៉ុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា បានសរសេរលើផេកហ្វេសប៊ុកនៅរសៀលថ្ងៃនេះថា “សូមចូលរួមអបអរសាទរ យ៉ាងកក់ក្តៅបំផុត ជាមួយ ឯកឧត្តម អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ដែលត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ”៕

អត្ថបទដែលជាប់ទាក់ទង