ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪពុកម្នាក់ ធ្លាប់ជាប់ពន្ធនាគារពីរលើក ដែលវាយកូនមិនញញើតដៃ បញ្ជូនទៅតុលាការ

236

 

ភ្នំពេញ៖ កម្លាំង​នគរបាលជំនាញនៅព្រឹកថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៨នេះ បុរសម្នាក់ជាឪពុក ដែលធ្លាប់ជាប់ពន្ធនាគារពីរលើក ដែលវាយធ្វើបាបកូនបង្កើតខ្លួនឯង យ៉ាងព្រៃផ្សៃ ព្រោះរឿង​លុយ២៥០០រៀល ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

លោកឧត្តមសេនីយ៍ឯក ប៉ុល​ ពិធេយ្យ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហ៊ិន សុផាន់ណា អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួន​នៅចំណុចផ្ទះលេខ៧៣ ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ហេង ឡិថុន ភេទ​ប្រុស អាយុ៦ឆ្នាំ។

​បើតាមការបំភ្លឺរបស់ដើមបណ្តឹងឈ្មោះ តាំង ធីតា ​​ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាម្ដាយមីងកុមាររងគ្រោះ បានរៀបរាប់ថា ​​ឈ្មោះ​ ហ៊ិន សុផាន់ណា ធ្លាប់ជាប់គុកពីរលើក និងធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយឧស្សាហ៍ឈ្លោះគ្នា​វាយតបគ្នា និងឧស្សាហ៍ឃើញជនដៃដល់ ប្រើអំពើហឹង្សាទៅលើកូនទាំង៤នាក់ ក្នុងនោះកូនឈ្មោះ ហេង រិទ្ធី អាយុ១៥ឆ្នាំ និងកូនឈ្មោះ ហេង ឡឹថុង អាយុ​៦ឆ្នាំ វាយច្រើនជាងគេ​ ដែលវាយដោយប្រើ​​ធូប ទំពក់ហាល ខោអាវ ខ្សែក្រវ៉ាត់ ទះ ទាត់​ ដាល់​។

​លុះព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨​ ខ្លួនបានឃើញជនដៃដល់ ប្រើអំពើហិង្សាយ៉ាងខ្លាំងទៅលើឈ្មោះ ហេង ឡឹថុង ដោយយកជើងទាត់​ក្មួយឈឺយំយ៉ាងខ្លាំង ហើយក្មួយលើកដៃសំពះអង្វរឪពុកដោយនិយាយថា ប៉ាខ្ញុំឈប់ហើយ ប៉ាខ្ញុំលែងហ៊ានហើយ។ ហើយខ្លួនបាននិយាយជាមួយក្មួយឈ្មោះ ហេង រិទ្ធី ថានឹងយកទូរស័ព្ទថតបង្ហោះឲ្យល្បីម្តង ប៉ុន្ដែជនដៃដល់នៅបន្តវាយ កូននឹងទំពក់ខោអាវ ទាត់មួយជើងទៀត​ រួចចាប់ជើងទាំងពីរលើឡើងលើ ក្បាលចុះក្រោមបម្រុងបោក។ ក្រោយមកខ្លួនឃើញក្មួយ អង្គុយទ្រោបលើក្បាលជង្គុងម្នាក់ឯងរយៈពេលជាងមួយម៉ោង។

តាមការបំភ្លឺពីកុមាររងគ្រោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ម៉ាក់បានឲ្យខ្លួន​ទៅលក់នំ នៅមុខផ្ទះជាមួយបងប្អូន រួច​ខ្លួនបានកាន់លុយចំនួន២៥០០រៀល យកទៅឲ្យម៉ាក់នៅក្នុងផ្ទះ ក៏ជ្រុះលុយនៅក្បែរទូរ លក់ទូរស័ព្ទរបស់មីង ប៉ាបានឃើញលុយជ្រុះនោះ ក៏ឲ្យខ្លួនរើសយកទៅឲ្យម៉ាក់ បន្ទាប់មកប៉ាបានសួរខ្លួនថា លួចលុយអត់? ខ្លួនថាមិនលួចលុយទេ ប៉ាគាត់ស្តីជេរ និងវាយខ្លួនជាមួយ ទំពក់ខោអាវជ័រ លើខ្នង ភ្លៅ ស្មា ជើង និងយកជើងមកទាត់ ប៉ាស្រែកថា កុំចេះតែលួច រួចចាប់ជើងខ្លួនគេទាំងពីរលើកឡើងលើ ក្បាលចុះក្រោមបំរុងនឹងបោក ពេលប៉ាវាយមកលើខ្លួន ម៉ាក់ និងយាយមិននៅផ្ទះទេ។

បើតាមកុមាររងគ្រោះ ពីមុនមកប៉ារបស់ខ្លួន ធ្លាប់វាយមកលើរូបគេជាញឹកញាប់ ព្រោះគាត់ខឹងខ្លួនគេថាពូកែដើរលេង មិនសូវចូលផ្ទះ ហើយក៏ធ្លាប់បានឃើញប៉ាវាយបងៗ ជាញឹកញាប់ដែរ ហើយប៉ាក៏ធ្លាប់វាយម៉ាក់ នឹងខ្សែក្រវ៉ាតនៅក្នុងបន្ទប់។

​​កម្លាំងនគរបាលជំនាញ អាចសន្និដ្ឋានបានថា ជនឈ្មោះ ហ៊ិន សុផាន់ណា ភេទប្រុស អាយុ៣៩ឆ្នាំ ពិតជាបានប្រព្រឹត្តបទល្មើសធ្វើទារុណកម្ម ដោយឃោរឃៅទៅលើកុមារាឈ្មោះ ហេង ឡឹថុង ដូចដែលគេបង្ហោះតាមហ្វេសប៊ុកពិតប្រាកដមែន និងធ្វើទារុណកម្មឃោរឃៅលើកុមារាឈ្មោះ ហេង រិទ្ធី ផងដែរ។ បទល្មើសនេះ មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា២១៩​។

ជននេះ នៅចំពោះមុខសមត្ថកិច្ចនគរបាល ឆ្លើយសារភាពថា ធ្លាប់ជាប់ពន្ធនាគារ២លើក ​លើកទី១ ពាក់ព័ន្ធអំពើប្លន់ ជាប់ពន្ធនាគារ៤ឆ្នាំ និងលើកទី២ ពាក់ព័ន្ធគ្រឿងញៀន ជាប់ពន្ធនាគារ១ឆ្នាំ៕

 

អត្ថបទដែលជាប់ទាក់ទង