តៃកុងស្លាប់ក្នុងរថយន្តLexus NX200t ពេលបើកទៅបុករះតូបលក់កាហ្វេ រួចបន្តទៅបុកបង្គោលថ្មរបងផ្ទះ និងបង្គោលភ្លើង
ភ្នំពេញ ÷ បុរសម្នាក់បានគៀបស្លាប់ នៅក្នុងការប៊ីនមុខភ្លាមៗ បន្ទាប់ពីបើករថយន្ត Lexus NX200t មួយគ្រឿង ក្នុងល្បឿនលឿន បានរេចង្កូតទៅបុករះតូបលក់កាហ្វេ រួចបន្តទៅបុករះបង្គោលភ្លើង និងបង្គោលថ្មរបងផ្ទះពលរដ្ឋមួយដើមទៀត បណ្តាលឲ្យរថយន្តដាច់ជាបំណែក កាលពីវេលាម៉ោង ២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ចំណុចទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ដែលស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពមានឈ្មោះ ស៊ុន សុភាព ភេទប្រុស អាយុ២៦ ឆ្នាំ មានប្រពន្ធនិងកូន១ក្នុងផ្ទៃ មុខរបរជាអ្នកបើករថយន្ត មានស្រុកកំណើតនៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីសន្តិសុខម្នាក់ បានឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បានបើករថយន្តម៉ាកLexusNX200t មួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AU-1056 បើកបរតាមបណ្តោយផ្លូវ សហព័ន្ធរុស្សុីក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករះតូបលក់កាហ្វេ រួចបន្តទៅបុកបង្គោលភ្លើង និងបង្គោលថ្ម របងផ្ទះពលរដ្ឋមួយដើមទៀត បណ្តាលឲ្យរថយន្តដាច់ជាកំណាត់ សល់តែគ្រោងឆ្អឹង ចំណែកឯម្ចាស់រថយន្ត បានគៀបជាប់នៅក្នុងការប៊ីន ស្លាប់យ៉ាងអាណោចអាធ័ម ៕