ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការនាំចេញអង្ករ ក្នុងខែទីមួយ នៃឆមាសទី២ ឆ្នាំ២០២១ ចាប់ផ្តើមងើបឡើងបន្តិច

36

ភ្នំពេញ៖ ក្នុងខែកក្កដា ឆ្នាំ២០២១ នេះ ការនាំចេញអង្កររបស់កម្ពុជា បានចំនួន២៩,៤១៥ តោនគិតជាទឹកប្រាក់ចំនួន ២១.១៨លានដុល្លារ មានការកើនឡើងចំនួន ៣.៥៣% បើធៀបទៅនឹងបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ ២០២០ ឬ កើន ១១.១០% បើធៀបទៅបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ២០១៩។

ទោះបីជា ស្ថានភាពនៃកង្វះទូកុងតែន័រនៅតែបន្ត តម្លៃកប៉ាល់ទៅកាន់ទីផ្សារនៅក្នុងសហគមន៍អ៊ឺរ៉ុបនៅតែបន្តឡើងថ្លៃ តែស្ថានភាពទីផ្សារតម្រូវបានជំរុញឱ្យការនាំចេញអង្ករកម្ពុជា ចាប់ផ្តើមដំណើរការ ជាពិសេសការបំពេញការនាំចេញលើកិច្ចសន្យាដែលខកខាន ឬ ពន្យារពេលកន្លងមក។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករ បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ កម្ពុជា នាំចេញអង្ករបាន ៣០ម៉ឺនតោន និងទទួលបានចំណូល ២២៣លានដុល្លារ។

សហព័ន្ធស្រូវអង្ករ បានបញ្ជាក់ឲ្យដឹងថា ការនាំចេញអង្ករក្នុងខែទីមួយ នៃឆមាសទី២ ឆ្នាំ២០២១នេះ ចាប់ផ្តើមងើបឡើងបន្តិច ខណៈការនាំចេញអង្ករជារួម ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១ បានចំនួន ៣០ម៉ឺន ៩ពាន់ ៨៦៥ តោន គិតជាទឹកប្រាក់ចំនួន ២២៣.៨៥ លានដុល្លារ ចំណែកេការនាំចេញស្រូវបានចំនួន ២ ០០៨ ២៤១ តោន គិតជាទឹកប្រាក់ចំនួន ជាង ៥០៣.០៩ លានដុល្លារ។ ចំណូលដុលសម្រាប់វិស័យស្រូវអង្ករកម្ពុជា បានពីការនាំចេញ មានចំនួន ៧២៦.៩៤ លានដុល្លារអាមេរិក។

ក្នុងខែកក្កដា ឆ្នាំ២០២១នេះ ការនាំចេញអង្កររបស់កម្ពុជា បានចំនួន ២៩,៤១៥ តោនគិតជាទឹកប្រាក់ចំនួន ២១.១៨លានដុល្លារ មានការកើនឡើងចំនួន ៣.៥៣% បើធៀបទៅនឹងបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ ២០២០ ឬ កើន ១១.១០% បើធៀបទៅបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ២០១៩។
សម្រាប់ខែកក្កដានេះ ការនាំចេញអង្ករក្រអូបប្រណិតបានចំនួន ៤៥%, អង្ករក្រអូបធម្មតា( សែនក្រអូប) ៣៥%, អង្ករស បាយទន់ ១៧% ហើយអង្ករចំហុយបានចំនួន ៣% ដែលអង្ករទាំងនោះចំនួន ៣៦.២១% ទៅកាន់សហគមន៍អ៊ឺរ៉ុប ៣៦.១៣% នាំទៅកាន់ប្រទេសចិន ៧.៨៨%ទៅកាន់ទីផ្សារសហគមន៍អាស៊ាន និង ១៩.៧៩%ទៅកាន់ទីផ្សារផ្សេងៗចំនួន ២២ គោលដៅដូចជា ហ្កាប៊ុង អូស្ត្រាលី អង់គ្លេស ញ៉ូហ្សេលេន..ជាដើម។

សម្រាប់ការនាំចេញស្រូវ ជាពិសេសស្រូវប្រាំងដែលបាននិងកំពុងប្រមូលផល ក្នុងខែកក្កដា នេះបានចំនួន ៣២៥ ៤២៨ តោន គិតជាទឹកប្រាក់ចំនួនប្រមាណជា៧៨លានដុល្លាសហរដ្ឋអាមេរិក។ ការនាំចេញស្រូវក្នុងខែកក្កដា ឆ្នាំ២០២១ នេះមានការកើនឡើងគួរឱ្យកត់សំគាល់ ទោះបីជាមានការរាំងស្ទះខ្លះដោយសាវិធានការសុវត្ថិភាពប្រឆាំងកូវីដ ១៩ នៅតាមព្រំដែនជាមួយប្រទេសវៀតណាម ត្រូវបានរឹតបន្តឹងក៏ដោយ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា បាននិងកំពុងប្រមូលផលស្រូវប្រាំងជុំទី២ ចន្លោះពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ លើផ្ទៃដី៥៦៣ ៣៩៤ហិកតា ហើយរំពឹងថានឹងទទួលបានទិន្នផល ប្រមាណ ២.៨២លានតោន៕

អត្ថបទដែលជាប់ទាក់ទង