ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីការបរទេសអាស៊ាន អនុម័ត លើគោលការណ៍ ណែនាំសម្រាប់ការ ចូលរួមជាសមាជិកទី១១ របស់ ប្រទេសទីម័រឡេស្តេ

46

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី២៩ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានអនុម័តលើគោលការណ៍ ណែនាំសម្រាប់ការចូលរួមជាសមាជិករបស់ ប្រទេសទីម័រឡេស្តេ នៅក្នុងសហគមន៍អាស៊ាន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានពិភាក្សាអំពីការងារឆ្លងវិស័យ រួមទាំងអាទិភាពអាស៊ានឆ្នាំ២០២១ និងសមិទ្ធផល សំខាន់ៗ និងសំណើរបស់ប្រទេសទីម័រឡេស្តេ ជាសមាជិកនៅក្នុងអាស៊ាន។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ដូច្នេះថា «សម្រាប់សំណើរបស់ប្រទេសទីម័រឡេស្តេ ធ្វើ ជាសមាជិកអាស៊ាន កិច្ចប្រជុំបានអនុម័តលើគោលការណ៍ ណែនាំសម្រាប់ការចូលរួមរបស់ប្រទេសទីម័រឡេស្តេនៅក្នុងសកម្មភាពនានារបស់អាស៊ាន ក្នុងគោលបំណងកសាងសមត្ថភាព ដើម្បីអនុញ្ញាតឱ្យប្រទេសទីម័រឡេស្តេអាចធ្វើការសម្របខ្លួនទៅតាមដំណើរការនានាពាក់ព័ន្ធនឹងអាស៊ាន»។

សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (Democratic Republic of East Timor) ជាប្រទេសដែលមាន វ័យក្មេងបំផុតមួយនៅតំបន់អាស៊ី ដែលបានទទួលឯករាជ្យទាំងស្រុងពី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២។ ប្រទេសនេះមានព្រំដែនជាប់ ប្រទេសឥណ្ឌូណេស៊ីតែមួយប៉ុណ្ណោះ មានផ្ទៃ ក្រឡាសរុប ១៥,៤១០គីឡូម៉ែត្រ និងប្រជាជន ១,១៦៧,២៤២នាក់ (តួលេខឆ្នាំ២០១៥) ព្រមទាំងមានរដ្ឋធានីឈ្មោះ ឌីលី។ ចាប់តាំងពីឆ្នាំ ២០០៧មក ប្រទេសទីម័រខាងកើត បានបង្ហាញពីការព្យាយាមរបស់ខ្លួន ដើម្បីក្លាយជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ហើយជាក់ស្តែងសំណើសុំផ្លូវការ ដើម្បីក្លាយជាសមាជិកនេះ ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១១ ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមប្រធានបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាសូមការគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់បញ្ចូល ប្រទេសទីម័រឡេស្តេ សមាជិកពេញសិទ្ធិរបស់អាស៊ាន។ សម្តេចតេជោបានថ្លែងទៀតថា សមាជិកភាពរបស់ទីម័រឡេស្តេនៅអាស៊ាន មិនត្រឹមតែមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងបរិបទនៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយរវាងមហាអំណាចប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការសម្រេចក្ដីសុបិន របស់បិតាស្ថាបនិកអាស៊ាន ក្នុងការបង្រួបបង្រួមប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមឆ័ត្រអាស៊ានផងដែរ។

សូមជម្រាបថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ គិតមកដល់ពេលនេះ រយៈពេល៥៣ឆ្នាំកន្លងមកហើយ។ ប្រសិនបើប្រទេសទីម័រឡេស្តេ អាចជាសមាជិករបស់អាស៊ាន មែននោះទីម័រឡេស្តេ នឹងក្លាយទៅជាប្អូនទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលកំពុងមានសមាជិក១០ប្រទេសមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង