ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតកម្ពុជាប្រចាំនៅ សាធារណរដ្ឋកូរ៉េ ទទួល បានពានរង្វាន់ ក្នុងយុទ្ធនាការ ការប្រឆាំងអំពើពុករលួយនៅកូរ៉េ

91

កូរ៉េ៖ ដើម្បីបង្ហាញអោយឃើញពីការទទួលស្គាល់មួយនៅក្នុងយុទ្ធនាការ ការប្រឆាំងអំពើពុករលួយ ដើម្បីសង្គមមានភាពស្អាតស្អំនៅកូរ៉ សហព័ន្ធចលនាសង្គមស៊ីវិលប្រឆាំងអំពើពុករលួយកូរ៉េ បានផ្តល់ជូននូវពានរង្វាន់ Honorable Shine Integrity Achievement Award មួយជូនមកស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលមានលោកឡុងឌីម៉ង ជាឯកអគ្គរាជទូត ។ នេះ ជាមោទនភាព និងកិត្តិយស សម្រាប់មន្ត្រីអ្នកការទូត និងបុគ្គលិកស្ថានទូតកម្ពុជាទាំងអស់ ដែលជាកម្លាំងប្រយុទ្ធជួរមុខនៅលើឆាកអន្តរជាតិ ដើម្បីការពារកិត្តិយស កិត្យានុភាព និងប្រយោជន៍ជាតិទាំងមូល។
លោកឡុងឌីម៉ង ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានមានប្រសាសន៍លើកឡើងថា ៖ ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ពិតជាមានមោទនភាព និងកិត្តិយស សម្រាប់ពានរង្វាន់ Honorable Shine Integrity Achievement Award ពីសហព័ន្ធចលនាសង្គមស៊ីវិលប្រឆាំងអំពើពុករលួយកូរ៉េ ដែលបណ្ដុំដោយជាង៣០០ សមាគមចលនា និងសហជីពដែលធ្វើសកម្មភាពប្រឆាំងអំពើពុករលួយនៅក្នុងវិស័យនយោបាយ កិច្ចការរដ្ឋបាលសាធារណៈ អប់រំ សាសនា សារព័ត៌មាន ការពារជាតិ សង្គមកិច្ច និងសេដ្ឋកិច្ច។
លោកថា នេះគឺជាការទទួលស្គាល់មួយនៅក្នុងយុទ្ធនាការការប្រឆាំងអំពើពុករលួយ ដើម្បីសង្គមមានភាពស្អាតស្អំនៅកូរ៉។ ពិតណាស់ថា ស្ថានទូតកម្ពុជាបានរៀបចំ និងអនុវត្តជាអង្គភាពស្ថាប័នរដ្ឋមួយរបស់កម្ពុជានៅលើទឹកដីកូរ៉េ ដែលបម្រើសាធារណៈជនដោយតម្លាភាព ប្រសិទ្ធភាព សមធម៌ គុណធម៌ សំដៅតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ។
លោកឡុង ឌីម៉ង់ ក៏បានធ្វើការឧទ្ទិសនូវកិត្តិយសដ៏ថ្លៃថ្លានេះ ជូនចំពោះមន្ត្រីអ្នកការទូត និងបុគ្គលិកស្ថានទូតកម្ពុជាទាំងអស់ ដែលជាកម្លាំងប្រយុទ្ធជួរមុខនៅលើឆាកអន្តរជាតិ ដើម្បីការពារកិត្តិយស កិត្យានុភាព និងប្រយោជន៍ជាតិទាំងមូល៕

 

អត្ថបទដែលជាប់ទាក់ទង