ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រី វេង សាខុន ៖ ការកសាង និងការពង្រឹងសមត្ថភាព កសិករអំពីការថែទាំ និងជួសជុលគ្រឿងយន្តកសិកម្ម

124

 

ភ្នំពេញ ៖ ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានចេញរបាយការណ៍មួយថា ក្នុងទិសដៅជំរុញផលិតភាពអនុវិស័យដំណាំ ឱ្យកាន់តែរីកចម្រើនទាំងបរិមាណ និងគុណភាព ការបញ្ចូលយន្តូបនីយកម្ម ទៅក្នុងផលិតកម្មកសិកម្ម គឺភារកិច្ចអាទិភាពមួយដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញធ្វើទំនើបកម្មកសិកម្មកម្ពុជា ដែលបាននិងកំពុងគិតគូរ យកចិត្តទុកដាក់ ធ្វើយ៉ាងណាលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ចំណេញពេល កាត់បន្ថយពលកម្ម ជំរុញល្បឿនផលិតកម្មកសិកម្ម តាមរយ:ការប្រើប្រាស់គ្រឿងយន្តកសិកម្មសម្រាប់ភ្ជួររាស់ ដាំដុះ ស្ទូង ព្រោះ កម្ចាត់ស្មៅ ដឹកជញ្ជូន ច្រូត កាត់ បោកបែន សម្ងួត កិនស្រូវ និងកែច្នៃកសិផល។ល។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងបានសង្កេត ឃើញថាទាំងកសិករខ្នាតតូច មធ្យម និងក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មភាគច្រើនបាន យល់ច្បាស់អំពីសារៈសំខាន់ និងប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍ និងគ្រឿងយន្តកសិកម្ម លើផ្ទៃដីដែលមានវិសាលភាពល្វឹងល្វើយរបស់ពួកគាត់ ស្របពេលកង្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្មផងនោះ ធ្វើឱ្យនិន្នាការនៃការប្រើប្រាស់ឧបករណ៍ និងគ្រឿងយន្តកសិកម្មមានការរីក ចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាក់ស្តែងក្នុងឆ្នាំ២០២០ ស្ថិតិការងារភ្ជួររាស់ដីដាំដុះដំណាំស្រូវទូទាំងប្រទេស សម្រេចបានចំនួន ៣ ៧៧៨ ៣៤០ហត ក្នុងនោះផ្ទៃដីភ្ជួររាស់ដោយគ្រឿងយន្តកសិកម្ម មានចំនួន ៣ ៧៤៦ ៦៨៩ហត ស្មើ៩៩,១៦% នៃផ្ទៃដីភ្ជួររាស់សរុប។
ផ្អែកតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត បានឱ្យដឹងថាស្ថិតិឧបករណ៍ និងគ្រឿងយន្តកសិកម្មទូទាំងប្រទេស មានចំនួនសរុបជាអាទិ៍ ៖ ត្រាក់ទ័រ ៣២ ០៩៤គ្រឿង គោយន្ត ៤៩៨ ១១៩គ្រឿង ម៉ាស៊ីនច្រូតស្រូវ ៦ ៧៩២គ្រឿង ម៉ាស៊ីនបូមទឹក ៤០២ ៧៩៦គ្រឿង ម៉ាស៊ីនបោកស្រូវ ១២ ៥២៥ គ្រឿង និងម៉ាស៊ីនកិនស្រូវ ៤២ ៩៥៤គ្រឿង។ល។
ព្រមជាមួយនឹងកំណើននៃការប្រើប្រាស់នេះ ជាលក្ខណបច្ចេកទេស នាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ជាទូទៅសង្កេតឃើញមានបញ្ហាមួយចំនួន បាននិងកំពុងកើតឡើងក្នុងមជ្ឈដ្ឋានកសិករ ដែលកំពុងប្រើប្រាស់គ្រឿងយន្តទាំងនោះដូចជា ៖ ការប្រើប្រាស់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ការមើលថែរក្សា ជួសជុល ការយល់ដឹងអំពីមុខងាររបស់គ្រឿងយន្ត។ល។ កត្តាទាំងអស់នេះគឺជាដើមចមដ៏សំខាន់ ធ្វើឱ្យគ្រឿងយន្តងាយរងការខូចខាតមុនអាយុកាលកំណត់ ខាតបង់ថវិកាសម្រាប់ធ្វើការជួសជុល ខាតបង់ពេលវេលាក្នុងការជួសជុល ខាតបង់ពេល វេលាក្នុងផលិតកម្ម និងបង្កើនការចំណាយ ដែលជះឥទ្ធិពលជាអវិជ្ជមានដល់ដើមទុនផលិតជារួម។ ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ និងក្នុងគោលបំណងដើម្បីជួយកាត់បន្ថយ ការចំណាយមិនសមស្របរបស់ប្រជាកសិករ និងដើម្បីឱ្យការប្រើប្រាស់គ្រឿងយន្តកសិកម្មមាន ប្រសិទ្ធភាពខ្ពស់ ស្របតាមបទដ្ឋានបច្ចេកទេស នាយកដ្ឋានវិស្វកម្មកសិកម្ម ដោយទទួលបានកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ” ការប្រើប្រាស់ និងការថែទាំឧបករណ៍ និងគ្រឿងយន្តកសិកម្ម ” ជូនដល់មន្ត្រីបច្ចេកទេស កសិករ និងអ្នកប្រើប្រាស់គ្រឿងយន្តកសិកម្ម នៅតាមបណ្តាខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងអំពីមូលដ្ឋានគ្រឹះនៃគ្រឿងយន្តកសិកម្ម ការថែរក្សា ការប្រើប្រាស់ ការជួសជុលបឋម។ល។ សំដៅកាត់បន្ថយការចំណាយទៅលើការជួសជុល ចំណេញពេលវេលា និងប្រើប្រាស់បានយូរអង្វែង។

មេរៀនសំខាន់ៗ ដែលបានលើកយកមកបណ្តុះបណ្តាល មានដូចខាងក្រោម ៖ – ការយល់ដឹងអំពីចលករ – បង្គុំទូទៅរបស់ចលករ – ប្រព័ន្ធសំខាន់ៗរបស់ចលករ – ការដោះបំបែកចលករ – ភាពមិនប្រក្រតីរបស់ចលករ និងវិធីសាស្រ្តកែសម្រួល – បច្ចេកបទេស នៃការប្រើប្រាស់គោយន្ត – បច្ចេកបទេសនៃការប្រើប្រាស់ត្រាក់ទ័រ – ការថែទាំគ្រឿងយន្តកសិកម្មប្រចាំថ្ងៃ – ការថែទាំគ្រឿងយន្តកសិកម្ម រយៈពេល១០០ម៉ោង – សុវត្ថិភាពក្នុងការប្រើប្រាស់គ្រឿងយន្តកសិកម្ម។ល។

ឆ្លងតាមវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទទួលបានចំណេះដឹងអំពីការថែទាំ និងជួសជុលបឋមការប្រើប្រាស់គ្រឿងយន្តកសិកម្ម ស្របតាមបទដ្ឋានបច្ចេកទេស និងកាន់តែមានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយការចំណាយ ក្នុងការជួសជុលឧបករណ៍ និងគ្រឿងយន្តអាចប្រើប្រាស់ បានតាមកាលកំណត់ ចំណេញពេលវេលា និងធ្វើឱ្យអ្នកប្រើប្រាស់គ្រឿងយន្តកសិកម្ម ទទួលបានប្រាក់ចំណេញបន្ថែម ក្នុងផលិតកម្មកសិកម្ម៕

អត្ថបទដែលជាប់ទាក់ទង