ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុមារនិងយុវវ័យអាយុ ពី១២ទៅ១៧ឆ្នាំ រស់នៅខណ្ឌទួលគោក ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ បាន ៦០ភាគរយហើយ ក្នុងចំនួនមនុស្សជិត១ម៉ឺននាក់

63

ភ្នំពេញ៖ កុមារនិងយុវវ័យដែលមានអាយុពី១២ ទៅ១៧ឆ្នាំ ជិត១ម៉ឺននាក់ រស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោកគិតមកដល់ពេលនេះ បានទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ បានប្រមាណ៦០ភាគរយហើយស្មើនឹងចំនួនប្រមាណជា៦ពាន់នាក់។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកឯក ឃុនដឿនអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ខណៈដែលលោកចុះត្រួត ពិនិត្យសកម្មភាពនៃការចាក់វ៉ាក់សាំងជាក់ស្ដែងនៅមណ្ឌលសុខភាពទួលគោក នាព្រឹកថ្ងៃទី ០៧ខែសីហាឆ្នាំ២០២១នេះ ។
លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា អនុវត្តតាមការណែនាំរបស់លោកឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងប្រមុខរាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យដែលមានអាយុពី១២ឆ្នាំដល់១៧ឆ្នាំ ចាប់ពីថ្ងៃទី០១រហូតមកដល់ថ្ងៃទី០៦ខែសីហាឆ្នាំ២០២១ ម្សិលមិញនេះ នៅក្នុងមូលដ្ឋានខណ្ឌគោកទាំងមូល គឺ
មានកុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំដល់១៧ ឆ្នាំមកទទួលការចាក់វ៉ាក់សាំងបានប្រមាណជា៦០ភាគរយហើយ ស្មើនឹងចំនួនមនុស្សប្រមាណជា៦០០០នាក់។
លោកឯក ឃុនដឿនបានមានប្រសាសន៍បន្តថា អនុវត្ត តាមប្រសាសន៍ណែនាំរបស់លោកឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យអាយុពី១២ឆ្នាំទៅ១៧ឆ្នាំនេះ គឺមិនមានការយកលុយនោះទេ ។ សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលជាអាណាព្យាបាលកុមារនិងយុវវ័យទាំងអស់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាកាដូរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអោយបានគ្រប់គ្នា ដោយសារ ការចាក់វ៉ាក់សាំងនេះនឹងបញ្ចប់នៅថ្ងៃទី១៤ខែសីហាឆ្នាំ២០២១ខាងមុខនេះហើយ ។ដូច្នេះទេលោកអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មកទទួលការចាក់វ៉ាក់សាំងនេះឲ្យបានទាន់ពេលវេលាដែលបានកំណត់។
លោកអឿន សំអាតប្រធានមណ្ឌលសុខភាពខណ្ឌគោក បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះមានសង្កាត់ចំនួន៦ហើយ ដែលមកទទួលការចាក់វ៉ាក់សាំងជូនដល់កុមារនិងយុវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ ដោយបានចាប់ដើមអនុវត្តកាលពីថ្ងៃទី០១ខែសីហាឆ្នាំ២០២១ ហើយគិតមកដល់ពេលនេះ គឺមានសង្កាត់ចំនួន៦ហើយដែល
បានមកទទួលការចាក់វ៉ាក់សាំង ក្នុងនោះ រួមមាន
សង្កាត់ផ្សារដេប៉ូទី១ , សង្កាត់ផ្សារដេប៉ូទី២ , សង្កាត់ផ្សារដេប៉ូទី៣, សង្កាត់ទឹកល្អក់ទី១, សង្កាត់ទឹកល្អក់ទី២និងនៅពេលនេះបាននិងកំពុងចាក់វ៉ាក់សាំង
អោយកុមារនិងយុវវ័យរស់នៅក្នុងសង្កាត់ទឹកល្អក់ទី៣។
លោកបញ្ជាក់ថា ចំនួនកុមារនិងយុវវ័យដែលមកទទួលការចាក់ខាងលើនេះ គិតមកត្រឹមថ្ងៃទី០៦ខែសីហា ម្សិលមិញនេះមានចំនួនប្រមាណជា៦០០០នាក់ហើយ ស្មើនឹងប្រមាណជា៦០ភាគរយ
នៃចំនួនកុមារនិងយុវវ័យដែលត្រូវចាក់វ៉ាក់សាំងទាំងអស់សរុបចំនួន៩៥៤៤នាក់ ហើយដែលគ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៤ខែសីហាខាងមុខនេះ៕

 

អត្ថបទដែលជាប់ទាក់ទង