ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋដែលមិនទាន់ ចាក់វ៉ាក់សាំងកូវីដ លើកមុន និងអ្នកទើបគ្រប់ អាយុ១៨ឆ្នាំ សូមទៅទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ

77

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីប្រកាសឱ្យពលរដ្ឋដែល មិនទាន់ចាក់វ៉ាក់សាំងកូវីដលើកមុន និងអ្នកទើបគ្រប់អាយុ១៨ឆ្នាំ សូមទៅទទួលវ៉ាក់សាំងនៅ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដែលខកខានមិនបាន ទទួលបានវ៉ាក់សាំងនៅ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង នាពេលកន្លងទៅ និងអ្នកដែលទើបគ្រប់អាយុ ១៨ ឆ្នាំផងដែរ សូមទៅទទួលការ ចាក់វ៉ាក់សាំងនៅ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ចាប់ពីថ្ងៃស្អែកនេះតទៅ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ នាពេលកន្លងទៅ មានប្រជាពលរដ្ឋមួយ ចំនួនខកខានមិនបាន មកទទួលការចាក់វ៉ាក់សាំង ក្នុងនោះមានដូចជា ស្ត្រីមានគ័ភ៌ទើបសម្រាលកូនរួច អ្នកជាប់អនុវត្តវិធានការ ចត្តាឡីស័ក អ្នកមានបញ្ហាសុខភាព ត្រូវព្យាបាល អ្នកមានធុរៈ ចាំបាច់ខានមិនបាន។ ម្យ៉ាងទៀត ក៏មានយុវជនខ្លះមិនទាន់គ្រប់អាយុ ១៨ ឆ្នាំផងដែរ។

ដូច្នេះទើបរដ្ឋបាលរាជធានីភ្នំពេញ ប្រឹងប្រែងរៀបចំការ ផ្ដល់វ៉ាក់សាំងនេះជូន ដល់ប្រជាពលរដ្ឋទាំងនោះ បន្តទៀត គឺនៅមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ ស្ថិតនៅអគារឡូតិ៍ទី២ ផ្លូវលេខ ១៣៤ កែងនឹងផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ប្រជាពលរដ្ឋខាងលើអាច ទៅទទួលការចាក់វ៉ាក់សាំងនេះបាន នៅរៀងរាល់ម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០ នាទីរសៀល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕

អត្ថបទដែលជាប់ទាក់ទង