ផ្អាកការងារបណ្ដោះអាសន្ន ដោយសារប្រើហិង្សាលើកូនចៅ, នៅពេលនេះលោកវរសេនីយ៍ឯក យឹម វិចិត្រ ត្រូវបានតែងតាំងជាមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ឡើងវិញ
បាត់ដំបង៖ លោកវរសេនីយ៍ឯក យឹម វិចិត្រ មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យចូលបម្រើការងារក្នុងអង្គភាពដើមវិញ ក្រោយប្រែនូវកំហុសឆ្គងរបស់ខ្លួន និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នេះបើតាមលិខិតបង្គាប់ការផ្អាកការងារ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។
សូមជម្រាបថា លោកវរសេនីយ៍ឯក យឹម វិចិត្រ ត្រូវបានថ្នាក់លើផ្អាកការងារបណ្ដោះអាសន្ន ក្រោយប្រើប្រាស់អំពើហិង្សាលើកូនចៅរបស់ខ្លួន និងមានរឿងមិនប្រក្រតីផ្សេងទៀត ស្រាប់តែពេលនេះត្រូវបានអនុញ្ញាតឲ្យកាន់ តួនាទីដូចដើម ជាហេតុនាំឲ្យមន្រ្តីនគរបាលក្រោមឱវាទមិនពេញចិត្តនោះឡើយ។
យោងតាមលិខិតរបស់ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានបញ្ជាក់ថា «ត្រូវបានចាត់បញ្ជូនលោកវរសេនីយ៍ឯក យឹម វិចិត្រ អត្តលេខ ០៧៧៤៦ ឋានៈ មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឱ្យចូលបម្រើការងារក្នុងអង្គភាពដើមវិញ»។
លិខិតបង្គាប់ដដែលបានបញ្ជាក់ថា «លោកវរសេនីយ៍ឯក យឹម វិចិត្រ ត្រូវកែប្រែនូវកំហុសឆ្គងរបស់ខ្លួន និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ក្នុងករណីនៅតែប្រព្រឹត្តកំហុសឆ្គងលើកទីពីរទៀតនោះ ស្នងការនគរបាលខេត្តបាត់ដំបង នឹងមានវិធានការជាក់ស្តែងតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ»៕