ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋមានជីវភាព ខ្វះខាត ចំនួន២៥គ្រួសារ នៅសង្កាត់ទួលទំពូងទី១ បានទទួលអំណោយ កាកបាទក្រហមកម្ពុជា

39

 

ភ្នំពេញ​ ៖ កាលពីព្រឹកថ្ងៃទី១៣ខែសីហា ឆ្នាំ២០២១នេះលោកថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដែលអមដំណើដោយ លោក ,លោកស្រី អភិបាលរងខណ្ឌ លោកនាយករដ្ឋបាលខណ្ឌ ចៅសង្កាត់ និង មន្រ្តីសាលាខណ្ឌ,សាលាសង្កាត់ជាច្រើន រូបទៀតបានអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅផ្ដល់ជូនដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះចំនួន២៥គ្រួសារនៅសង្កាត់ទួលទំពូងទី១ខណ្ឌចំការមនរាជធានីភ្នំពេញ។

នាឱកាសនេះផងដែរ លោកថេង សុថុល អភិបាល បានមានមតិលើកឡើង ដោយបាននាំមកនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានេះផងដែរ លោកអភិបាលខណ្ឌចំការមនថេង សុថុលបានមានមតិលើកឡើង ដោយគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ចទៅដល់ប្រជាជន ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ នឹងមិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
សូមជម្រាបជូនថាអំណោយមនុស្សធម៌ ដែលបានចែកជូនប្រជាជនក្រីក្រទាំង២៥គ្រួសារ នាពេលនេះគឺមានអង្ករ,ទឹកត្រី ទឹកសុីអុីវ ត្រីខកំប៉ុង,ស្ករស,និងថវិកាផងដែរ។

ឆ្លៀងពេលក្នុងឱកាសនោះដែរលោកថេង សុថុល អភិបាលខណ្ឌចំការមន បានមានថ្លែងថា ក្នុងន័យគិតគូពីសុខទុក្ខដល់បងប្អូនប្រជាជន ក្នុងមូលដ្ឋានខណ្ឌចំការមនទាំងមូលដោយ សូមអោយបងប្អូនបន្តអនុវត្តន៍ អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ»ហើយជាពិសេសដោយការពារ នៃការឆ្លងរាលដាលមេរោគបំប្លែងថ្មី «ដែលតា» ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍ និង ក្នុងប្រទេសកម្ពុជាយើងបើនិយាយជារួម បើនិយាយដោយឡែក នៅរាជធានីភ្នំពេញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង