ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផលិតកម្មពោត កំពុងប្រឈមនឹងដង្កូវហ្វូងប្រភេទថ្មី (Fall Armyworm)

65

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១៤ខែសីហាឆ្នាំ២០២១ បានចេញរបាយការណ៍ស្តីពីវិធានការចម្រុះគ្រប់គ្រងដង្កូវហ្វូងប្រភេទថ្មីលើដំណាំពោត (Fall Armyworm-Spodoptera frugiperda) ៖ ការប្រើប្រាស់ភ្នាក់ងារជីវសាស្ត្រ Telenomus remus ក្នុងលក្ខខណ្ឌប្រទេសកម្ពុជា។

ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា ពោតជាដំណាំសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មមួយចំនួនទៀត ដែលកសិករនិយមដាំនៅតាមដីសណ្តទន្លេមេគង្គ សម្រាប់ផ្គត់ផ្គង់ឲ្យផលិតកម្មចំណីសត្វ អាហាររបស់មនុស្ស និងជាផលិតផលសម្រាប់ធ្វើការនាំចេញ។ ជាក់ស្តែងនៅឆ្នាំ២០២០ កម្ពុជាបាននាំចេញគ្រាប់ពោតក្រហមទៅកាន់ទីផ្សារអន្តរជាតិចំនួន ១៩៤ ៦២៥តោន។ ស្របពេលជាមួយនឹងកំណើនផលិតកម្ម និងសេចក្តីត្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស ផលិតកម្មពោតបាននិងកំពុងប្រឈមនឹងដង្កូវហ្វូងប្រភេទថ្មី (Fall Armyworm) ដែលជាសត្វល្អិតមួយប្រភេទបំផ្លាញផលដំណាំធញ្ញជាតិច្រើនប្រភេទដូចជាស្រូវនៅទូទាំងពិភពលោក ជាពិសេសដំណាំពោតដែលជាដំណាំជម្រករបស់សមាសភាពចង្រៃនេះ។

ប្រទេសជាច្រើននៅក្នុងទ្វីបអាហ្វ្រិច និងអាស៊ីបាននិងកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីដង្កូវប្រភេទនេះ។ ដោយឡែកនៅកម្ពុជា ដង្កូវហ្វូងប្រភេទថ្មីនេះមានវត្តមានក្នុងឆ្នាំ២០១៩ ដែលក្នុងដំណាក់កាលដំបូងនៃឆ្លងរាតត្បាតដង្កូវហ្វូងបានបំផ្លាញដំណាំពោតសរុបទូទាំងប្រទេសចំនួន ១១ ១៤២ហត តាមបណ្តាខេត្តមានជាអាទិ៍ ៖ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងខេត្តត្បួងឃ្មុំ។ បច្ចុប្បន្ននេះ ដង្កូវហ្វូវនេះបានឆ្លងរាតត្បាតនៅស្ទើរគ្រប់តំបន់ផលិតកម្មដំណាំពោតទូទាំងប្រទេសកម្ពុជា នេះបើតាមការអះអាងពីអគ្គនាយកដ្ឋានកសិកម្ម (ថ្ងៃទី១៣ ខែសីហានេះ)។

ឆ្លើយតបទៅនឹងបញ្ហាថ្មីមួយនេះ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមសហការយ៉ាងសកម្ម និងបន្ទាន់ជាមួយថ្នាក់ជាតិ ថ្នាក់អន្តរជាតិ និងថ្នាក់តំបន់ធ្វើការសិក្សាស្រាវជ្រាវស្វែងរកដើមចមនៃបញ្ហាជាលក្ខណវិទ្យាសាស្រ្ត ដើម្បីដាក់ចេញនូវវិធានការគ្រប់គ្រង និងកំចាត់ដង្កូវហ្វូងថ្មីឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្នុងថ្នាក់តំបន់ នាយកដ្ឋានបានចូលរួមសហការជាមួយអ្នកជំនាញការដែលអញ្ជើញមក ពីបណ្តាប្រទេសសមាជិកអាស៊ាន ធ្វើការរៀបចំ និងដាក់ចេញនូវយន្តការគ្រប់គ្រងដង្កូវហ្វូងប្រភេទថ្មីនេះក្នុងកម្រិតអាស៊ាន “ASEAN Action Plan on Fall Armyworm Control”។ មិនតែ ប៉ុណ្ណោះ អ្នកជំនាញការពារដំណាំបានសហការជាមួយអ្នកជំនាញការអន្តរជាតិនៃវិទ្យាស្ថានស្រាវ ជ្រាវដំណាំស្រូវអន្តរជាតិ (IRRI) ធ្វើការស្រាវជ្រាវរកវិធីសាស្រ្តគ្រប់គ្រងតាមបែបជីវសាស្រ្តគឺការ ប្រើប្រាស់ភ្នាក់ងារជីវសាស្ត្រ ឬសត្រូវធម្មជាតិ ដើម្បីគ្រប់គ្រងប្រជាករដង្កូវហ្វូងប្រភេទថ្មីនេះ។

ការប្រើប្រាស់ភ្នាក់ងារជីវសាស្រ្តដូចជា Telenomus remus (T-remus) ហើយអ្វីទៅជា T- remus? ។ T-remus គឺជាភ្នាក់ងារជីវសាស្រ្តដែលធ្វើប៉ារ៉ាស៊ីតលើពងដង្កូវហ្វូងទូទៅ (Spodoptera sp.) ហើយគេប្រើ T-remus មានគោលបំណងធ្វើការគ្រប់គ្រងដង្កូវហ្វូងប្រភេទថ្មីនេះ លើកកម្ពស់វិធានការចម្រុះគ្រប់គ្រងដំណាំ (Integrated Pest Management-IPM) ធានាផលិតកម្មកសិកម្មស្របតាមស្តង់ដារគុណភាព សុវត្ថិភាពចំណីអាហារ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ធ្វើការនាំចេញ និងធ្វើឱ្យប្រសើរប្រព័ន្ធក្សេត្របរិស្ថាន។

នៅទ្វីបអាហ្វ្រិកគេបានប្រើ T-remus នេះសម្រាប់កម្មវិធីការកម្ចាត់ដង្កូវហ្វូងប្រភេទថ្មីតាមបែបជីវសាស្រ្តដោយទទួលបានលទ្ធផលជោគជ័យ។ នៅកម្ពុជា ការប្រើប៉ារ៉ាស៊ីត T-remus បានបង្ហាញឲ្យឃើញថា T-remus គឺមានវត្តមានក្នុងប្រទេសកម្ពុជា ជាពិសេសវាត្រូវបានរកឃើញនៅលើពងរបស់ដង្កូវហ្វូងប្រភេទថ្មីក្នុងចម្ការពោតរបស់កសិករ។ ការចាប់ផ្ដើមចិញ្ចឹមដំបូងត្រូវប្រមូលប៉ារាស៊ីតT-remus ពីចម្ការពោត ហើយការប្រមូលប៉ារាស៊ីតនេះគឺប្រមូលតាមរយៈពងរបស់ដង្កូវហ្វូងប្រភេទថ្មី។ ក្រោយពីទទួលបាន T-remus គឺត្រូវចិញ្ចឹមបន្តក្នុងបន្ទប់ពិសោធន៍ ដើម្បីបង្កើនចំនួនប្រជាកររបស់វាសម្រាប់ធ្វើការលែងទៅក្នុងចម្ការពោត។ ចំពោះសកម្មភាពលែងប៉ារ៉ាស៊ីតនេះ នាយកដ្ឋានបានធ្វើការអនុវត្តសាកល្បងក្នុងលក្ខខណ្ឌពិសោធន៍ក្នុងចម្ការពោតនៅខេត្តកណ្តាល ដែលក្នុងដំណាំពោតទំហំ ០១ហត ត្រូវលែងចំនួន T-remus ចន្លោះពី ១០-១៥ ម៉ឺនក្បាល។ ចំពោះលទ្ធផលនៃការស្រាវជ្រាវអំពីប្រសិទ្ធភាពនៃភ្នាក់ងារជីវសាស្រ្តនេះនឹងធ្វើការវិភាគក្នុងខែតុលាខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង