ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកលេងបណ្តាញសង្គមនៅកូរ៉េ ហាក់មិនពេញចិត្ត ចំពោះសាលក្រមតុលាការ សម្រេចឲ្យតារាចម្រៀង Seungri ជាប់ពន្ធនាគារ៣ឆ្នាំ

113

កូរ៉េ៖ បន្ទាប់ពីទទួលដំណឹងថា តារាចម្រៀងប្រុសល្បីឈ្មោះ ជាអតីតសមាជិកក្រុមចម្រៀង Big Bang លោក Seungri ត្រូវបានតុលាការសម្រេច ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ គេសង្កេតឃើញថា អ្នកលេងបណ្តាញសង្គមនៅកូរ៉េ ហាក់បង្ហាញការមិនពេញចិត្តជាបន្តបន្ទាប់ តាមរយៈសារនៅលើ Comment ដោយភាគច្រើនអះអាងថា ទោសមួយនេះ គឺធូរស្រាលណាស់ចំពោះ Seungri ពោលគឺមិនសមនឹងអ្វីដែលតារាវ័យ៣០ឆ្នាំរូបនេះ បានប្រព្រឹត្តិឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន allkpop នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

ដូចទស្សនិកជនបានជ្រាបស្រាប់ហើយថា កាលពីម្សិលមិញ តុលាការយោធាកូរ៉េ ចេញសេចក្តីសម្រេចចុងក្រោយ ឲ្យតារាល្បី Seungri ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់ជិត១លានដុល្លារ (ប្រមាណ ៩៨៨,៦២៧ ដុល្លារអាមេរិក) ជុំវិញបទល្មើស «ពេស្យាចារ» និង «លេងល្បែងស៉ីសងខុសច្បាប់»។

ឆ្លើយតបនឹងសេចក្តីសម្រេចនេះ អ្នកលេងបណ្តាញសង្គមកូរ៉េបានលើកឡើងថា «ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ដែល Seungri ជាប់ទោសតែ៣ឆ្នាំ» ខណៈខ្លះទៀតនិយាយថា «ការដាក់ទោសនេះ គឺធូរស្រាលណាស់ បើប្រៀបធៀបនឹងអ្វីដែល Seungri បានប្រព្រឹត្តិ»។ នៅមិនទាន់អស់ទេ មានអ្នកលេងបណ្តាញសង្គមខ្លះទៀត បានចោទជាសំណួរថា «Seungri បានប្រព្រឹត្តិទង្វើខុសច្បាប់ជាច្រើន ហើយគេជាប់ពន្ធនាគារតែ៣ឆ្នាំ?»។ នេះគ្រាន់តែជាការបញ្ចេញមតិខ្លះៗ ពីអ្នកលេងបណ្តាញសង្គមប៉ុណ្ណោះ។

គួរជម្រាបថា បើតាមប្រភពព័ត៌មាន អតីតតារាចម្រៀងល្បីរូបនេះ ធ្លាប់រងបទចោទប្រកាន់រហូតដល់ទៅ ៩ករណីឯណោះ ក្នុងនោះរួមមាន កឹបកេងប្រាក់, អំពើពេស្យាចារ, ចែកចាយវីដេអូខុសច្បាប់, បំពានច្បាប់ប្រតិបតិ្តការអាជីវកម្ម និងបទល្មើសផ្សេងទៀត។ តែយ៉ាងណា នៅពេលនេះលោកត្រូវបានតុលាការសម្រេចជាផ្លូវការហើយ ដោយឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់ ១.១៥ពាន់លានវ៉ុន៕

អត្ថបទដែលជាប់ទាក់ទង