ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារអន្តរាគមន៍ ស្ទាក់ចាប់រថយន្ត ដឹកសត្វជ្រូកបង្កកនិងគ្រឿងក្នុង នាំចូលពីថៃ

47

 

ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ ស្ទាក់ចាប់រថយន្តមួយគ្រឿង ដឹកសត្វជ្រូកបង្កកចំនួន០៣ធុងក្លាសេ ស្មើនឹង៦៥ក្បាលមានទម្ងន់៤២០គីឡូក្រាម និងគ្រឿងក្នុង៣០គីឡូក្រាម ជាប្រភេទពូជ (ជ្រូកកណ្តុរ) នាំចូលពីប្រទេសថៃ មកកម្ពុជាតាមច្រករបៀង ស្រុកវាលវែង ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ។

នៅវេលាម៉ោង០៥ និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែសីហាឆ្នាំ២០២១ ក្រោមការបញ្ជាដោយផ្ទាល់ពី ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចរាចរសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌សលាយក្រហម ជាប្រភេទរថយន្តដឹកទំនិញចំណុះ ២,៥តោន ពាក់ផ្លាកលេខចង្កូតស្ដាំPSHN 0319 បានដឹកសត្វជ្រូកបង្កកចំនួន០៣ធុងក្លាសេ ស្មើនឹង៦៥ក្បាលមានទម្ងន់៤២០គីឡូក្រាម និងគ្រឿងក្នុង៣០គីឡូក្រាម ជាប្រភេទពូជ(ជ្រូកកណ្តុរ) ឃាត់នៅភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

រថយន្តខាងលើបានធ្វើការនាំចូលសត្វជ្រូកបង្កកមក ពីប្រទេសថៃឡង់ ចូលមកកម្ពុជាតាមច្រករបៀង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកសាច់) ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រុមការងារបានបញ្ជូនវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកពង់ឆ្នាំង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង