ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២ថ្ងៃ ពលករខ្មែរមកពីប្រទេសថៃ តាមចក្រអូរបីជាន់ ជាង៩០០នាក់ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៥៩នាក់

69

 

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័ក ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ តាមច្រកតំបន់អូរបីជាន់ មណ្ឌលសំចតត្រួតពិនិត្យសុខភាពពលករខ្មែរ មុននឹងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាលបាល ក្រោយពីរាជរដ្ឋាភិបាល សម្រេចអោយបើកព្រំដែនឡើងវិញ បន្ទាប់ពីបិទខ្ទប់ព្រំដែនរយៈពេល១៤ថ្ងៃ។

គួរកត់សម្គាល់ថា បន្ទាប់ពីបើកឡើងវិញ ប្រជាពលករបន្តត្រឡប់មកជាបន្តបន្ទាប់ ជាក់ស្តែងចាប់ពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ មកដល់ព្រឹកនេះ មានពលករខ្មែរមកពីប្រទេសថៃ តាមចក្រអូរបីជាន់ សរុបជាង៩០០នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ១៥៩នាក់។

ឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា បន្ទាប់ពីបើកព្រំដែនឡើងវិញ ពលករខ្មែរមួយចំនួន បានវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទាំង៣ក្នុងខេត្តបន្ទាយមានជ័យ ដែលបានកំណត់ និងមួយចំនួនចាញ់បោកមេខ្យល់ បន្តលួចឆ្លងចូលតាមតំបន់ដែលហាមឃាត់ ប៉ុន្តែត្រូវបានកងកម្លាំងចម្រុះចាប់ឃាត់បានជាបន្តបន្ទាប់ បញ្ជូនទៅត្រួតពិនិត្យសុខភាព និងអនុវត្តតាមវិធានការសុខាភិបាល។

ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពនៅច្រកអូរបីជាន់ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានអញ្ជើញចុះសួរសុខទុក្ខ ដល់កងកម្លាំងជួរមុខរបស់ ទិសទី១ បន្ទាយមានជ័យ និងដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបំពេញប្រតិបត្តិការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មីដែលតា (Delta) នៅតាមបន្ទាត់ព្រំដែន ធ្វើយ៉ាងណាអនុវត្តឲ្យបានដាច់ខាត ៣កុំ ៣ការពារ ធានាបានសុខសុវត្ថិភាព ផ្ទាល់ខ្លួន និងមិត្តរួមក្រុម។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានខិតខំ ដោយមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ បំពេញបេសកកម្ម ក្នុងប្រតិបត្តិការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មីដែលតា (Delta) នៅតាមបន្ទាត់ព្រំដែន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង