កម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ ករណី ចាប់ជនជាតិចិនដូចគ្នាចូលរថយន្ត
ព្រះសីហនុ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ជនជាតិចិន មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំករណីចាប់ជនជាតិចិនដូចគ្នាចូលក្នុងរថយន្ត។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី មានប្រជាពលរដ្ឋប្តឹងរាយការណ៍តាមរយៈទូរស័ព្ទហតឡាញ(Hot Line) របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថា នៅចំណុចម្តុំមន្ទីរពេទ្យ ថៃខាង ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិនមួយក្រុម មានគ្នាប្រហែល៤នាក់ បានប្រតាយប្រតប់ជាមួយជនជាតិចិន១នាក់ ភេទប្រុស និងបម្រុងចាប់ជនជាតិចិន ១នាក់នោះចូលរថយន្ត បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងជំនាញផែនព្រហ្មទណ្ឌបានចុះទីដល់ទីតាំងកើតហេតុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ជនជាតិចិន (ប្រុស៣នាក់, ស្រី១នាក់) មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។
ជនរងគ្រោះឈ្មោះ ZHANG GUO ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបររកស៊ី ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យចំនួន៤នាក់៖ ទី១-ឈ្មោះ GAO PAN ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន(មិននៅជាប់ខ្លួន) ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ, ទី២-ឈ្មោះ ZHANG JIN WEI ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបររកស៊ី(ម្ចាស់ភាគហ៊ុនសណ្ឋាគារហ៊ូវី) លិខិតឆ្លងដែន (មិននៅជាប់ខ្លួន)ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ទី៣-ឈ្មោះ LIU SHUIA ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងកាស៊ីណូវិមានខ្សាច់ស លិខិតឆ្លងដែន(មិននៅជាប់ខ្លួន) ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងទី៤-ឈ្មោះ JIANG LIE QIANG ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្តអោយថៅកែកាស៊ីណូ លិខិតឆ្លងដែន(មិននៅជាប់ខ្លួន)ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖ រថយន្ត១គ្រឿង ម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-2106។ បច្ចុប្បន្នកម្លាំងរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕