ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូបង្គោលសូលទីឡូអង្គរ៖ ការប្រកួតទាំងអស់ដែលនៅសល់ គឺសំខាន់ដូចការប្រកួតផ្តាច់ព្រ័ត្រ ដើម្បីរំដោះខ្លួនចេញពីតំបន់គ្រោះថ្នាក់

60

 

CAMSOC-ភ្នំពេញ៖ នៅក្នុងពេលដែល ក្រុមសូលទីឡូអង្គរ ដែលកំពុងស្ថិតនៅតារាងនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា គ្រូបង្គោល លោក អ៊ុក សុធី បានចាត់ទុកថា គ្រប់ការប្រកួតទាំងអស់ ដែលនៅសេសសល់ គឺជាប្រកួតដ៏សំខាន់ ដូចនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែរ ដើម្បីស្វែងរកពិន្ទុ និងរំដោះខ្លួនឲ្យចេញផុតពីតំបន់គ្រោះថ្នាក់ដែលត្រូវកាត់ចោល។

គ្រូបង្គោលក្លិបបាល់ទាត់ សូលទីឡូអង្គរលើកឡើងថា «ការងារដំបូងដែលត្រូវមកបំពេញនៅទីនេះ គឺត្រូវការរៀបចំក្រុមជាថ្មី និងពិនិត្យមើលកីឡាករទាំងខ្មែរ និងបរទេសឡើងវិញដែរ ព្រមទាំងចំណុចខ្វះខាតកន្លងមកដែលធ្លាប់ជួបប្រទះ។ អ្វីដែលកំពុងផ្តោតខ្លាំង គឺការលេងជាក្រុមរបស់ពួកគាត់។ តាមពិតកីឡាករម្នាក់ៗមានគុណភាព ប៉ុន្តែស្មារតីលេងជាក្រុមនៅមានកម្រិត មិនទាន់យល់ចិត្តគ្នាបានល្អ ជាពិសេសគឺពង្រឹងលើតំបន់ការពារ ដោយប៉ុន្មានប្រកួតចុងក្រោយនេះ សូលទីឡូអង្គរ មានការថ្លោះធ្លោយ នៅតំបន់ការពារនេះឯង ដើម្បីធ្វើឲ្យមានភាពរឹងមាំនៅតំបន់នេះដែលគូប្រកួតងាយក្នុងការស្វែងរកគ្រាប់បាល់ជាដើម។ ឆន្ទៈរបស់យើងចាត់ទុកថា ប្រកួតដែលនៅសល់ គឺ សូលទីឡូអង្គរ សុទ្ធសឹងតែត្រូវការពិន្ទុទាំងអស់ សឹងតែមិនអាចឲ្យស្មើផង បើបានត្រឹមស្មើមានន័យថាស្មើនឹងបរាជ័យផងដែរ»។

ក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះទើបនឹងមាន១ពិន្ទុ ក្នុងដៃ ក្រោយឆ្លងកាត់៩ប្រកួត ស្មើ១ និងចាញ់៨ ឈរនៅលំដាប់បាតតារាង ក្នុងចំណោម១៣ក្រុមនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១ គិតត្រឹមសប្តាហ៍ទី១១។ ដូច្នេះហើយគ្រប់ការប្រកួតដែលនៅសេសសល់ គឺជាការប្រកួតដ៏សំខាន់ៗ ដូចការប្រកួតវគ្គផ្តាច់ព្រ័ត្រដែរ សម្រាប់សូលទីឡូអង្គរ។
គ្រូបង្គោលវ័យ៣៥ឆ្នាំ ដែលទើបនឹងមកដឹកនាំបានជាង១ខែរូបនេះសង្កត់ធ្ងន់ថា «ក្នុងពេលសម្រាកការប្រកួត លីគនេះ ខ្ញុំផ្តោតសំខាន់លើបញ្ហាបន្ថែម គឺការហ្វឹកហាត់លើកាយសម្បទា និងថាមពលកម្លាំង ដែលអាចប្រកួតប្រជែង រហូតដល់បញ្ចប់ការប្រកួតពេញ៩០នាទី។ នេះជាអ្វីដែលយើងកំពុងខិតខំរួមគ្នា ធ្វើយ៉ាងណាដើម្បីធ្វើឲ្យ សូលទីឡូអង្គរ ចាកផុតពីតំបន់គ្រោះថ្នាក់ ដែលត្រូវកាត់ចោល និងទម្លាក់ទៅលីគទី២»។

បច្ចុប្បន្ន កីឡាករបរទេសមាន៥នាក់ ក្នុងនោះកីឡាករជនជាតិជប៉ុន៤នាក់ និងម្នាក់ជាជនជាតិកាមេរូន ខណៈកីឡាករខ្មែរជាអ្នកខេត្តសៀមរាបផ្ទាល់ ដែលជាយុវជនវ័យក្មេងប្រកបដោយសក្តានុពល និងមានអនាគតវែងឆ្ងាយតទៅមុខទៀត ហើយលោកជឿជាក់ថា ពួកគាត់នឹងបន្តប្រឹងប្រែង ដើម្បីធ្វើឲ្យការប្រកួតកាន់តែល្អប្រសើរឡើងវិញ។ ចំពោះការប្រកួតជើងទី២ ក្រុមនេះនឹងព្យាយាមប្រើប្រាស់ធនធានដែលមានស្រាប់ឲ្យបានច្រើន ហើយកំពុងស្វែងរកធនធានប្រកបដោយគុណភាព ដើម្បីជួយជំរុញឲ្យការប្រកួតនៅជើងទី២មានលទ្ធផលផងដែរ។

គួររំឭកថា លោក អ៊ុក សុធី បានចូលប្រឡូកក្នុងអាជីពជាកីឡាករបាល់ទាត់ កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៩ នៅក្លិបភ្នំពេញក្រោន។ ក្នុងពេលប្រកបអាជីព លោកបានសិក្សាវគ្គបាល់ទាត់ កម្រិត B-License ដែលបញ្ចប់ ក្នុងឆ្នាំ២០១៨។ ក្រោយបញ្ចប់ជាកីឡាករ ឆ្នាំ២០១៩ លោកក្លាយជាអ្នកសម្របសម្រួលបច្ចេកទេសឈុតយុវជននៃក្លិបភ្នំពេញក្រោន ដែលបញ្ចប់ការងារនៅត្រឹមឆ្នាំ២០២០ ហើយបន្ទាប់មកលោកមកកាន់ដំណែងជាអគ្គលេខាធិការ ក្លិបបាល់ទាត់ពាក់កណ្តាលអាជីពមួយ ហើយបានជួយក្លិបនោះគ្រងជើងឯកបាល់ទាត់ក្នុងសាលថ្នាក់ជាតិ។ នៅក្នុងឆ្នាំ២០២១ លោកក្លាយជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាជាមួយក្រុមការងារលោក Keisuke Honda ដែលក្រុមជម្រើសជាតិកម្ពុជាទើបនឹងបញ្ចប់បេសកកម្មប្រកួតជម្រុះ FIFA World Cup នៅប្រទេសបារ៉ែន។ កាលពីខែមុន លោកត្រូវបាន លោក Keisuke Honda ដែលជាប្រធានក្លិប សូលទីឡូអង្គរ តែងតាំងជាគ្រូបង្គោល៕

អត្ថបទដែលជាប់ទាក់ទង