ប្រធាន WHO ប្រចាំកម្ពុជា ចែករំលែកការងារអាទិភាព៣ចំណុច សម្រាប់ជំរុញការចូលរួមរបស់សហគមន៍ ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ១៩
ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពីការរៀបចំផែនការសម្រាប់អនុវត្តសកម្មភាពចូលរួមរបស់ សហគមន៍ក្នុងការការពារ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានថ្លែងថា ការចូលរួមរបស់សហគមន៍ គឺជាគន្លឹះនៅក្នុងការឆ្លើយតបទៅនឹងបញ្ហាសង្គម និងសុខភាពសាធារណៈ។ បើគ្មានការចូលរួម និងផ្ដល់អំណាចដល់បុគ្គល គ្រួសារ និងសហគមន៍ទេ នោះយើងមិនអាចទទួលបានជោគជ័យ ក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩បានឡើយ។
លោកស្រីវេជ្ជបណ្ឌិត Li Ailan សូមចែករំលែកនូវអាទិភាព បីចំណុចសម្រាប់ជំរុញការចូលរួមរបស់សហគមន៍ រួមមាន៖
ទី១៖ ពង្រឹងភាពជាដៃគូដែលមានស្រាប់ និងបង្កើតភាពជាដៃគូថ្មី ដើម្បីឈានទៅដល់ និងចូលរួមជាមួយនឹងបណ្តាញសហគមន៍កាន់តែទូលំទូលាយ ដើម្បីបង្កើនទំនុកចិត្តរបស់តំណាងសហគមន៍ សហគមន៍ និងប្រជាពលរដ្ឋងាយរងគ្រោះ។
ទី២៖ ពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ចសហគមន៍ ដែលមានស្រាប់ ដើម្បីប្រើប្រាស់យន្តការប្រកបដោយភាពច្នៃប្រឌិត ដែលមានស្រាប់ និងកសាងសម្ថភាពភាគីពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញការចូលរួមផ្តល់អំណាច និងគាំទសហគមន៍នៅក្នុងការងារឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ទី៣៖ បង្កើនតួនាទីដ៏សំខាន់របស់បុគ្គលិកថែទាំសហគមន៍នៅក្នុងការងារ ជំរុញការចូលរួមរបស់សហគមន៍ ដូចជានៅក្នុងការងារតាមដានជំងឺ និងការប្រមូលទិន្នន័យ ការត្រៀមខ្លួន និងការងារឆ្លើយតបនឹងជំងឺកូវីដ១៩ ដូចជាការធ្វើចត្តាឡីស័កជាដើម ដោយប្រើប្រាស់វិធីស្រាស្ត្រផ្អែកលើការចូលរួម របស់សហគមន៍។
លោកស្រី លី អាយឡាន ថ្លែងបន្ដថា «លើសពីនេះទៅទៀត យើងត្រូវប្រើយុទ្ធនាការដែលកំពុងតែដំណើរការ និងមានលក្ខណៈពិសេសថ្នាក់ជាតិរបស់យើង ជាឱកាសដ៏ល្អមួយ ដើម្បីពង្រឹងការឆ្លើយតបរបស់សហគមន៍ ក៏ដូចជាត្រៀមខ្លួនសម្រាប់សេណារីយ៉ូនានា នៃជំងឺរាតត្បាតនាពេលអនាគត។ ការជំរុញការចូលរួមរបស់សហគមន៍ក្នុងការការពារ និងទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩ នេះ ក៏ជាការវិនិយោគដ៏ឈ្លាសវៃមួយ សម្រាប់ការឆ្លើយតបបន្ទាន់ផ្នែកសុខភាពសាធារណៈនាពេលអនាគតផងដែរ។ នាងខ្ញុំ ជឿជាក់ថា អន្តរាគមន៍ដែលផ្អែកលើភស្តុតាង នឹងត្រូវកំណត់បាន អនុវត្ត និងតាមដាន ដើម្បីចូលទៅដល់គ្រប់គេហដ្ឋាន និងដួងចិត្តរបស់បុគ្គលម្នាក់ៗ ហើយជំរុញការចូលរួម និងផ្តល់អំណាចដល់ប្រជាពលរដ្ឋគ្រប់គ្នា ដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ សម្រាប់មនុស្សជាទីស្រាលាញ់ និងសហគមន៍របស់យើង»។
អង្គការសុខភាពពិភពលោក នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង សុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ជាពិសេសផ្តល់ការគាំទ្រផ្នែក បច្ចេកទេសចាំបាច់ទាំងអស់សម្រាប់ពង្រឹងផែនការ និងការឆ្លើយតបដែល មានការចូលរួមពីសហគមន៍ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ មានតែតាមរយៈការធ្វើការជាមួយគ្នា ការទទួលស្គាល់ និងទទួលយកនូវ ភាពស្មុគ្រស្មាញនៃបទពិសោធន៍ និងសមត្ថភាពរួមទេ ទើបយើងអាចធានា បានថាពិភពលោក «តាមបែបប្រក្រតីថ្មីមួយ» ក្រោយការផ្ទុះរាតត្បាតជំងឺចប់ទៅ នឹងក្លាយជាពិភពលោកមួយដែលមិនទុកនរណាម្នាក់ចោល។
ក្នុងឱកាសនោះដែរតំណាងអង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ថា «នាងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា បានចាត់គ្រប់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅកម្ពុជា»។
ជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញការពិតមួយថា ពិភពលោករបស់យើងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងព្រឹត្តិការកើតឡើងភ្លាមមិន អាចដឹងជាមុន ដែលបណ្តាលមកពីវិបត្តិជំងឺរាតត្បាតជាសកលមួយនេះ។ ជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង ដល់សុខុមាលភាពផ្នែករាងកាយ ផ្លូវចិត្ត អារម្មណ៍ និងផ្នែកសង្គមរបស់ប្រជាជនទាំងមូល។ ក្នុងពេលជាមួយគ្នានេះ ជំងឺកូវីដ-១៩ ក៏ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាល សេដ្ឋកិច្ច និងបរិស្ថានផងដែរ។
ឥឡូវនេះ វាច្បាស់ហើយថា វិធីសាស្ត្រសម្រាប់ការថែទាំសុខភាពដែល យើងធ្លាប់ប្រើកន្លងមក មិនគ្រប់គ្រាន់ទេ នៅក្នុងបរិបទពិភពលោកបច្ចុប្បន្ន ដែលមានលក្ខណៈស្មុគ្រស្មាញ និងមានទំនាក់ទំនងគ្នាជាសកលដូច្នេះ ចាំបាច់ត្រូវប្រើដំណោះស្រាយក្នុងមូលដ្ឋានប្រកបដោយភាពច្នៃប្រឌិត តាមរយៈការជំរុញការចូលរួមរបស់សហគមន៍នៅក្នុងការឆ្លើយតប នឹងជំងឺកូវីដ-១៩៕