ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យជាច្រើន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

46

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ និងគ្រឿងបរិក្ខារពេទ្យជាច្រើនទៀត ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំងនៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ។

យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅលោក មីង អោងលាំង មេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ថវិកា ២០ម៉ឺនដុល្លារ កម្ពុជាឧបត្ថម្ភនេះ គឺជាបន្ថែមពីលើប្រាក់ ១០ម៉ឺនដុល្លារ ដែលកម្ពុជាបានផ្តល់ទៅមីយ៉ាន់ម៉ា តាមរយៈអាស៊ាន។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា គ្រឿងបរិក្ខារដែលឧបត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងលិខិតនោះថា សម្តេចជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ កម្ពុជា និងមីយ៉ាន់ម៉ា នឹងយកឈ្នះលើជំងឺរាតត្បាតសកលនេះទាំងស្រុង។

ក្នុងលិខិតបានបញ្ជាក់ដែរថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ អន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងដឹកនាំគណៈប្រតិភូមួយក្រុម ដើម្បីប្រគល់ជូនអំណោយខាងលើនេះ តាមជើងហោះហើរពិសេស ដែលនឹងត្រូវរៀបចំឡើងដើម្បីទៅទីក្រុងណៃពិដោនាពេលឆាប់ៗនេះ។

ប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅលេខរៀងទី៥ ក្នុងប្រទេសសមាជិកអាស៊ាន ដែលការរីករាលដាលជំងឺកូវីដ១៩ខ្លាំង។ ក្នុងរយៈពេលចុងក្រោយនេះ មេរោគបំប្លែងថ្មីដែលតា កំពុងវាយលុកយ៉ាងខ្លាំងក្លានៅក្នុងប្រទេសមួយនេះផងដែរ។

បច្ចុប្បន្នមីយ៉ាន់ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបជាង ៣៥ម៉ឺននាក់ និងស្លាប់ជាង ១ម៉ឺននាក់។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ម៉ាស់ប្រមាណ ២លានម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។

ក្រៅតែពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា ក៏បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយប្រទេសសមាជិកអាស៊ាន និងមិនមែនសមាជិកអាស៊ានមួយចំនួនទៀតផងដែរ។

ក្នុងនោះកាលពីខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម។ កាលពីឆ្នាំ២០២០ សម្តេចតេជោ ក៏បានឧបត្ថម្ភម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ នេប៉ាល់ និងទីម័រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង