ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់រថយន្តដឹកឥវ៉ាន់ របស់ក្រុមហ៊ុន វីរ:ប៊ុនថាំ លួចបង្កប់ដឹកសត្វតុកកែ ជិតមួយពាន់ក្បាល

449

ខេត្តសៀមរាប ៖ បើតាមមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែលលួចបង្កប់ដឹកសត្វតុកកែ ជិតមួយពាន់ក្បាល ដែលសមត្ថកិច្ចថា អំពើល្មើសច្បាប់ ។

លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការឃាត់រថយន្តដឹកទំនិញមួយគ្រឿង ដែលលួចបង្កប់ដឹកសត្វតុកកែ ដោយខុសច្បាប់ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក លី សុផា បានឲ្យដឹងទៀតថា រថយន្តដែលកម្លាំងមេព្រៃ នៃផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់នេះជារបស់ក្រុមហ៊ុនក្រុមហ៊ុនវីរ: ប៊ុនថាំ ប្រភេទដឹកឥវ៉ាន់ ពាក់ស្លាកលេខ ភ្នំពេញ៣F៧២៣២ រថយន្តខាងលើនេះចេញដំណើរពីខេត្តមណ្ឌលគីរី ហើយចូលយកអីវ៉ាន់នៅតាមសាខាក្នុងខេត្តនានារហូតមកកាន់ខេត្តសៀមរាប។ ចំពោះសត្វតុកកែ ដែលពួកគេដឹកនោះ គឺយកពីខេត្តព្រះវិហារ មានចំនួន ២កេស ស្មើនឹង៩៨៤ក្បាល។ បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដកហូតមករក្សាទុកដើម្បីធ្វើការពិន័យតាមច្បាប់ស្តីពីព្រៃឈើ។ ចំណែកវត្ថុតាងជាសត្វតុកកែ កំពុងរង់ចាំចំណាត់ការពីថ្នាក់លើ ដើម្បីចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង