ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការងារវិទ្យាសាស្ត្រ​ និងមន្ទីរពិសោធន៍​ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​បរិបទ នៃការរីកចម្រេីននៃ​និន្នាការសាកល

262

 

ភ្នំពេញ ៖ លោក​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​បញ្ជាក់​ថា​ ការងារវិទ្យាសាស្ត្រ​ និងមន្ទីរពិសោធន៍​ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​បរិបទ នៃការរីកចម្រេីននៃ​និន្នាការសាកលនាពេលបច្ចុប្បន្ន​នេះ​ ដូច្នេះ​ទៅថ្ងៃខាងមុខ ​តម្រូវការធនធានមនុស្ស​លេី វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និងឧបករណ៍​មន្ទីរ​ពិសោធន៍​ ជាកិច្ចការដែលយេីងត្រូវយក​ចិត្តទុកដាក់បំផុត​។​

លោកកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានថ្លែងបែបនេះ ក្នុងឱការអញ្ជេីញ​ជាអធិបតី​ក្នុង​ពិធី​ប្រគល់​-ទទួល​ អគារ​មន្ទីរ​ពិសោធន៍​ជាតិ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ហៅអគារ​“B” មានទីតាំងតាមបណ្តោយផ្លូវជាតិ​លេខ២​ សង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

បន្ទាប់ពី​អគារ​មន្ទីរ​ពិសោធន៍​ជាតិ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​​ទី១​ ឬហៅថា​អាគារ”A”​ កម្ពស់៧ជាន់​ មានទំហំ​ ២០ម​គុណនឹង​៣០​ម​ ត្រូវ​បានសាងសង់រួច​ និងប្រារព្វពិធីប្រគល់ទទួលកាលពីថ្ងៃទី០៨​ ខែមីនា​ ឆ្នាំ​២០២១​ កន្លងទៅ​ហេីយនោះ​ អគារ​មន្ទីរ​ពិសោធន៍​ជាតិ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​​ទី២​ឬហៅថា​អគារ”B”​ ក៏បាន​ប្រារព្វ​ពិធី​ប្រគល់​-ទទួល​ ជាបន្តទៀត​ ក្រោមអធិបតីភាព​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិ​ទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ នៅព្រឹកថ្ងៃទី​ ១៦​ ខែសីហា​ ឆ្នាំ​២០២១​ ដែល​មានទីតាំង​ស្ថិត​នៅ​តាមបណ្តោយផ្លូវជាតិលេខ​២​ ក្នុងសង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។

តាមរបាយការណ៌របស់លោកឧកញ៉ា​ លី​ ឈួង​ នាយក​ក្រុមហ៊ុន​ លី​ឈួង​ សំណង់&​អាហរ័ណ​ នីហរ័ណ​ដែល​ទទួល​បានសិទ្ធិម៉ៅការសាងសង់​ បានបញ្ជាក់ថា អគារ​ដែល​បានប្រគល់-ទទួលនាថ្ងៃនេះ​ គឺមានទំហំ​២០ម៉ែត្រ​ គុណនឹង៣០ម៉ែត្រ​ មានកម្ពស់៧ជាន់​ដូចនឹងអគារទី១ដែរ​ ដោយបំពាក់នូវប្រព័ន្ធទឹក-ភ្លេីង​ ជណ្តេីរយន្ត​ គ្រឿងសង្ហារឹម​ ប្រព័ន្ធ​សុវត្ថិភាព​ ប្រព័ន្ធ​សម្លេង​និងរូបភាព​សម្រាប់សាលប្រជុំ​ និងប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រេីនទៀត​ ។ ក្នុងនោះដូចជាប្រព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ សម្រាប់សំណល់​ ចេញពីមន្ទីរពិសោធន៍​ និងប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ខាងក្រៅ​អគារផងដែរ​ ។

ជារួម​ លោកឧកញ៉ា​ លី​ ឈួង​ តាមរយៈរបាយការណ៌៍ពីវឌ្ឍនភាពការងារ បានបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តេីម​របស់​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានរៀបចំឲ្យមានការសាងសង់អគារមន្ទីរ​ ពិសោធន៍នេះឡេីង​ ក្នុងគោលបំណងអភិវឌ្ឍទីតាំងនេះ ឲ្យក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ​ ពិសោធន៍​ និង​បញ្ជាក់​គុណភាព​ផលិតផលចំណីអាហារ​ ​សម្ភារៈ​ប្រើប្រាស់​ និងវត្ថុធាតុដេីមនានា​ សម្រាប់បម្រេី​កិច្ចការឧស្សាហកម្ម​ និងសិប្បកម្ម​ ក៏ដូចជា កសិកម្ម​ និងសំណង់​ ។ ល។

មានប្រសាសន៍នាឱកាសនោះ​ លោកកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានវាយតម្លៃខ្ពស់​ និងកោតសរសេីរ ចំពោះក្រុមហ៊ុនសាងសង់​ ដែល​បានសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មការសាងសង់របស់ក្រសួង​ ដោយអនុវត្តបានត្រឹមត្រូវ តាមកិច្ចសន្យាសាងសង់​ និងបទដ្ឋានបច្ចេកទេសជាក់លាក់​ ។

លោកកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ បានបញ្ជាក់​ថា​ អគារទាំងពីរនេះ​ ឯកឧត្តម​សូមប្រសិទ្ធនាមតាមឈ្មោះប្រាសាទខ្មែរ​ គឺអគារតាព្រហ្ម​ និងអគារព្រះខ័ន​ ដេីម្បីតំណាងឲ្យភាពចេះដឹង​និងភាពរុងរឿងរបស់ខ្មែរ​ ។ អគារទាំងពីរជិតគ្នានេះ​ គឺមិនត្រឹមបម្រេីបានទាំងការិយាល័យធ្វេីការ​ និងសាលប្រជុំ​ សម្រាប់ថ្នាក់ដឹកនាំ​ និងមន្ត្រីនៃអគ្គនាយកដ្ឋាន​ និងវិទ្យាស្ថាន​ជាតិ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ប៉ុណ្ណោះ​ទេ​ តែគ្រប់ជាន់នៃអគារទាំងពីរនេះ​ មានមុខងារផ្នែកមន្ទីរពិសោធន៍​ផ្សេងៗ​គ្នា​។ ក្នុងនោះមានដូចជា៖ បន្ទប់​មន្ទីរ​ពិសោធន៍​សម្រាប់សិក្សាស្រាវជ្រាវ-បន្ទប់​ពិសោធន៍​ សម្រាប់គ្រឿងយន្ត-បន្ទប់​ពិសោធន៍​សម្រាប់​ថ្ម​និង​ខ្សាច់​-បន្ទប់​ពិសោធន៍​សម្ភារៈ​សំណង់​ ដូចជាដី​ ដែក​ បេតុង​ សុីម៉ង់ត៍​ និងល្បាយថ្ម​-មន្ទីរ​ពិសោធន៍​បរិក្ខារ​ម៉ាស៊ីន​បូមទឹក​-បន្ទប់​ពិសោធន៍​ផលិតផល​ឧស្សាហកម្ម​-បន្ទប់​ពិសោធន៍​បំពង់ទុយោទឹក​និង​Fitting-បន្ទប់​ពិសោធន៍​កៅស៊ូ​អាស្វាល់-បន្ទប់​ពិសោធន៍​គីមី​ចំណីអាហារ​-បន្ទប់​ពិសោធន៍​បរិក្ខា​ភ្លេីង​ និងអេឡិចត្រូនិច​-និងឃ្លាំងព្រមទាំង បន្ទប់សុវត្ថភាពផលិតផលជាដេីម​ ។

លោកកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​បញ្ជាក់​ថា​៖ “ការងារវិទ្យាសាស្ត្រ​ និងមន្ទីរពិសោធន៍​ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​បរិបទនៃការរីកចម្រេីននៃ​និន្នាការសាកលនាពេលបច្ចុប្បន្ន​នេះ​ ។ ដូច្នេះ​ទៅថ្ងៃខាងមុខ​តម្រូវការធនធានមនុស្ស​លេី វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និងឧបករណ៍​មន្ទីរ​ពិសោធន៍​ ជាកិច្ចការដែលយេីងត្រូវយក​ចិត្តទុកដាក់បំផុត​។​ ជាមួយគ្នានេះ​ យេីងក៏ត្រូវការ​សាងសង់អគារមន្ទីរពិសោធន៍និងឧបករណ៍ពិសោធន៍ក្នុងមុខងារផ្សេងៗទៀតផងដែរ​ ។ ជាក់ស្តែង​ដូចជាមន្ទីរពិសោធន៍​លេីវិស័យកាត់ដេរ​ និងមេកានិចជាដេីម​ “។

លោកកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានណែនាំដល់មន្ត្រីទាំងអស់ នៅក្នុងអគ្គនាយកដ្ឋាន​ និងវិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បំពេញ​ការងារ​ឈរលេីស្មារតីទទួលខុសត្រូវខ្ពស់​ និងសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយ​ រួមទាំងការចូលរួមថែរក្សា នូវសោភ័ណភាពសំណង់អគារ ​ក៏ដូចជាសម្ភារៈនានា​ ក្នុងអគារទាំងមូល និងសង្ឃឹម​យ៉ាង​មុត​មាំ​ថា​៖ តាម​រយៈ​ចំណេះជំនាញ​ និងមានការផ្តល់ទំនុកចិត្ត​ និងការលេីកទឹកចិត្ត ពីរាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌពិសេសមួយ ហេីយនោះ​ ​ថ្នាក់ដឹកនាំ​និងមន្ត្រីនៃអង្គភាពទាំងពីរ​ នឹងខិតខំ​បំពេញ​ការងារ​ ប្រកប​ដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់​ សម្រាប់បម្រេីឲ្យវិស័យវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យានៅកម្ពុជា​ ឲ្យមានការរីកចម្រេីនជាលំដាប់៕

 

អត្ថបទដែលជាប់ទាក់ទង