ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិកបានជម្លៀសមនុស្សជាង ៣,២០០នាក់ ចេញពីអាហ្វហ្គានីស្ថាន គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ

64

វ៉ាស៊ីនតោន៖ មន្ត្រីមួយរូបនៃសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន បានបង្ហើបឲ្យដឹងថា មនុស្សសរុបជាង ៣,២០០នាក់ហើយត្រូវបានជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយមានជំនួយពីយោធា ក្នុងនោះ ១,១០០នាក់ ត្រូវបានជម្លៀសចេញ តែក្នុងថ្ងៃអង្គារមួយប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។

មន្ត្រីសេតវិមានដែលសុំមិនបញ្ចេញឈ្មោះរូបនោះ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃអង្គារ ទី១៧ ខែសីហា) យន្តហោះនៃសហរដ្ឋអាមេរិក បានជម្លៀសពលរដ្ឋយ៉ាងហោចណាស់ ១,១០០នាក់ ក្នុងនោះគឺពលរដ្ឋអាមេរិកដែលស្នាក់នៅអចិន្ត្រៃយ៍ និងក្រុមគ្រួសារពួកគេ តាមរយៈជើងហោះហើរសរុបចំនួន ១៣ជើង ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ យើងសង្ឃឹមថា ចំនួននឹងមានការកើតឡើងបន្ថែមទៀត»

បើតាមមន្ត្រីដដែល មនុស្សសរុបជាង ៣,២០០នាក់ហើយ ត្រូវបានអាមេរិកជម្លៀស ចេញពីទឹកដីអាហ្វហ្គានីស្ថានដោយសុវត្ថិភាព ក្នុងនោះរួមមានទាំង កងកម្លាំងយោធាអាមេរិកផង និងមនុស្សជិត ២,០០០នាក់ឯណោះក្នុងចំណោមនោះ គឺជាជនជាតិអាហ្វហ្គានីស្ថាន ដែលបានទទួលសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ព្រមទាំងបណ្តាប្រទេសអាស៊ីមួយចំនួនទៀត នៅតែបន្តជម្លៀសជនជាតិរបស់ខ្លួន ចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានចូលគ្រប់គ្រងប្រទេសនេះ ទាំងស្រុងកាលពីថ្ងៃអាទិត្យ ទី១៥ ខែសីហា។ យ៉ាងណាក៏ដោយ ក្រោយក្រុមតាលីបង់ចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល គេពុំបានឃើញការប្រែប្រួលអ្វី កើតឡើងធំដុំនោះឡើយ ក្រៅពីការចរចាបង្កើតរដ្ឋាភិបាលថ្មី និងការប្រកាសលើកលែងទោស ព្រមទាំងធានាសុវត្ថិភាពដល់ប្រជាជន និងមន្ត្រីរដ្ឋាភិបាលមុនទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង