ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ នៃសេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត

50

 

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ នៃសេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom។

កិច្ចប្រជុំឆ្លងខ្លឹមសារ នៃសេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្ដីព្រាងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត នាឱកាសនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរង អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកកិច្ចការនេះ ជាកិច្ចការដ៏សំខាន់ ដែលត្រូវស្នើសុំមតិយោបល់ជាធាតុចូលបន្ថែមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថាកិច្ចប្រជុំនៅថ្ងៃនេះ ក៏ដើម្បីឱ្យថ្នាក់ដឹកនាំទាំងអស់បានដឹង និងជ្រាបពីកិច្ចការដ៏មានសារៈសំខាន់ពាក់ព័ន្ធនឹងសុវត្ថិភាពសង្គម សុវត្ថិភាពទ្រព្យសម្បត្តិសាធារណៈ និងឯកជន ព្រមទាំងអាយុជីវិតមនុស្សទូទៅ។

សម្ដេចក្រឡាហោម ស ខេង ក៏បានបន្ថែមដែរថា ការពិគ្រោះយោបល់គ្នានាពេលនេះ គឺជាការធ្វើឡើងដោយយោងលើលិខិតបទដ្ឋានពាក់ព័ន្ធ ពិសេសច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ដែលតម្រូវឱ្យមានការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដូចជាអនុក្រឹត្យ សារាចរ និងប្រកាសជាដើម ដែលចាំបាច់ត្រូវរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបង្កភាពងាយស្រួលជូនដល់មន្ត្រីដែលជាអ្នកអនុវត្ត និងអ្នកពាក់ព័ន្ធទាំងអស់បានយល់ដឹងជ្រួតជ្រាប ក្នុងការងារចូលរួមបង្ការ និងពន្លត់អគ្គិភ័យនៅកម្ពុជា។

យោងតាមសេចក្ដីព្រាងសារាចរណែនាំស្ដីពីការៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត កន្លងមករាជរដ្ឋាភិបាលបានកសាងច្បាប់ស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត ដើម្បីចាត់តាំងអនុវត្តទប់ស្កាត់គ្រោះមហន្តរាយអគ្គិភ័យ ដែលតែងតែបានកើតមានឡើង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិត ធនធានធម្មជាតិ និងប៉ះពាល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

សេចក្ដីព្រាងសារាចរណែនាំនេះបានបន្តថា ទន្ទឹមនឹងប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ក្នុងនោះវិស័យសំណង់មានកំណើនគួរឱ្យកត់សម្គាល់ ដោយសំណង់ខ្លះមានកម្ពស់ច្រើនជាន់ រួមទាំងជាន់ក្រោមដី និងមានការកើនឡើងការប្រើប្រាស់បណ្ដាញចរន្តអគ្គិសនី ឧស្ម័នចំហេះ សារធាតុងាយឆេះ ងាយផ្ទុះ នៅទូទាំងប្រទេស ដែលអាចបង្កជាគ្រោះមហាន្តរាយអគ្គិភ័យទូទាំងប្រទេស។

សេចក្ដីព្រាងបានរំលេចថា ដើម្បីមានការចូលរួម បង្ការ ទប់ស្កាត់ គ្រោះមហន្តរាយ ដែលបង្កឡើងដោយអគ្គិភ័យ រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការ គ្រប់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពរបស់រដ្ឋ គ្រឹះស្ថានសាធារណៈ និងឯកជន ដែលជាគោលដៅតម្រូវឱ្យមានប្លង់បង្ការ និងពន្លត់អគ្គិភ័យ ដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋាននានា ត្រូវរៀបចំឱ្យមានក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច ដែលអាចធានាក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ និងសង្គ្រោះបឋម។

ខ្លឹមសារនៃសេចក្ដីព្រាងសារាចរណ៍ណែនាំស្ដីពីការៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និង ក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្តនេះ ក៏បានចង្អុលឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានរដ្ឋបាលរាជធានី និងខេត្ត ត្រូវរៀបចំឱ្យក្រុមបង្ការ និងអន្លត់អគ្គិភ័យស្ម័គ្រចិត្ត ដល់ភូមិ ឃុំ សង្កាត់ សហគមន៍ ដើម្បីជួយចលនា និងណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹង និងសហការ ចូលរួមក្នុងការបង្ការ និងពន្លត់អគ្គិភ័យ និងសង្គ្រោះបឋម៕

អត្ថបទដែលជាប់ទាក់ទង