ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ អាចបញ្ចាំផ្ទះ យកលុយទៅទិញ ពីកសិករ ដែលកំពុងជួបការលំបាក

446

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចអាចបញ្ចាំផ្ទះយកលុយ ទៅទិញពីកសិករដែលកំពុងជួបការលំបាក , សម្តេចតេជោ បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះ នៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។

សម្តេចតេជោ បានហៅការប្រមូលទិញមៀនថា ជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ។

សម្តេចតេជោ បានបញ្ជាក់តាមរយៈផេកហ្វេសប៊ុកផ្លូវការថា “ថ្មីៗនេះ ខ្ញុំបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារ ដើម្បីលក់មៀនបាន។ នៅពេលប្រមូលទិញបានខ្ញុំនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ទទួលទានដោយមិនគិតថ្លៃ។ នេះជាវិធីដោះទាល់ក្នុងកាលៈទេសៈ ដ៏លំបាកកុំឱ្យកសិករក្រីក្រយើង ខាតបង់ធ្ងន់ធ្ងរពេកហើយ ខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ”។

សម្តេចតេជោ បានរំលឹកដល់នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ត្រូវទិញពីកសិករ គឺសំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងសុីវិលទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។

សម្តេចតេជោ បានបញ្ជាក់ថា “ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាកតែ ខ្ញុំពុំមានលទ្ធភាពជួយដល់ម្ចាស់ដី ដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង”។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានណែនាំក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបង និងប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានប្រកាសប្រមូលទិញផ្លែមៀនពីកសិករនៅខេត្តជាប់ព្រំដែនថៃ ជាពិសេសខេត្តបាត់ដំបង និងប៉ៃលិន។

តាមការប៉ានប្រមាណផ្លែមៀនប្រជាកសិករ ដែលកំពុងជាប់គាំង មិនអាចលក់ចេញទៅទីផ្សារនោះ មានប្រមាណជា ៥ម៉ឺនតោន។ ក្រោយការប្រកាសប្រមូលទិញ ពីប្រជាពលរដ្ឋ បានធ្វើឱ្យអ្នកដាំដុះមៀន សម្តែងការសប្បាយចិត្ត៕

អត្ថបទដែលជាប់ទាក់ទង