ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបង្ហោះ និងចែករំលែកវិញ្ញា និងអត្រាកំណែ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ដំណើរប្រព្រឹត្ដទៅ នៃការប្រឡង

146


ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​បង្ហោះ​វិញ្ញាសា និង​អត្រា​កំណែ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង ថ្ងៃទី ២០ សីហា ២០១៨។ ក្រសួងអប់រំ បានព្រមានចាត់វិធានការច្បាប់ ចំពោះម្ចាស់ទំព័រ Facebook ទាំងឡាយណា ដែលបន្តបង្ហោះវិញ្ញាសា និងអត្រាកំណែនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨នេះ។​ ជាមួយគ្នានោះដែរ ដំណើរ​ការ​កំណែ​លើ​សន្លឹក​កិច្ចការ​បេក្ខជន នៅ​តែ​បន្ត​​នៅ​តាម​មណ្ឌល​កំណែ​ទាំង​១០ ។ ​​

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នាពេលថ្មីៗនេះ មានទំព័របណ្ដាញសង្គម Facebook និងអ្នកប្រើប្រាស់គណនីឯកជនមួយចំនួន បានបង្ហោះ ចែករំលែកវិញ្ញាសា និងអត្រាកំណែមុខវិជ្ជានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ និងបំពេញវិជ្ជា នៃសម័យប្រឡងកាលពីថ្ងៃទី២០ ខែសីហា ២០១៨។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងអប់រំ បានលើកឡើងថា ការបង្ហោះ និងចែករំលែកវិញ្ញា និងអត្រាកំណែនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ដំណើរប្រព្រឹត្ដទៅ នៃការប្រឡង ដែលកំពុងប្រព្រឹត្ដទៅយ៉ាងរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្ដិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ក្រសួងអប់រំ បានអំពាវនាវដល់ម្ចាស់ទំព័រ Facebook ដែលកំពុងធ្វើសកម្មភាពនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវទង្វើរបស់ខ្លួន។ ក្រសួងអប់រំ បានព្រមានថា ប្រសិនបើសកម្មភាពចែករំលែករាល់វិញ្ញាសា និងអត្រាកំណែនៅតែបន្ដក្នុងរយៈពេលដំណើរកំណែ ការស្រង់ បូកពិន្ទដោយកុំព្យូទ័រ ផ្ទៀងផ្ទាត់ពិន្ទុ មុនការប្រកាសលទ្ធផលផ្លូវការ មិនទាន់ត្រូវបានបញ្ចប់ ក្រសួង នឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការស្វែងរកម្ចាស់ទំព័រ ឬគណនីហ្វេសប៊ុកទាំងនេះ មកទទួលខុសត្រូវនូវទង្វើរបស់ខ្លួនតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត។

សូមបញ្ជាក់ថា ការប្រលងមធ្យមសិក្សាទុតិយភូមិបានធ្វើឡើងកាលពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ។ បច្ចុប្បន្នក្រសួងកំពុងតែដំណើរការកំណែលើវិញ្ញាសានៃការប្រលងនេះ ហើយលទ្ធផលគ្រោងនឹងប្រកាសនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។

សមាជិក​​​កំណែ​នៅ​តាម​មណ្ឌល​កំណែ​ទាំង​១០ នៅ​តែ​បន្ត​​ធ្វើ​កំណែ​លើ​សន្លឹក​កិច្ចការ​ បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា ​សម័យ​ប្រឡង៖ ២០ សីហា ២០១៨ ដោយ​ការ​​យក​ចិត្ត​ទុក​ដាក់​ក្រោម​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​​ ដោយ​មិន​​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ទូរសព្ទ​ដៃ​ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ចូល​បន្ទប់​កំណែ​​ឡើយ ដើម្បី​ចៀសវាង​បង្ហោះ​រាល់​សំណៅ​កិច្ចការ​បេក្ខជន ឬ​អត្រាកំណែ​តាម​បណ្ដាញ​សង្គម៕

អត្ថបទដែលជាប់ទាក់ទង