នគរបាលខេត្តកំពង់ចាម ៖ ករណីបើកសង្វៀនជល់មាន់ និងល្បែងស៊ីសង លេងអាប៉ោង ដែលមានម្ចាស់ឈ្មោះលោក ខ្លា នៅភូមិសាស្រ្តឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ
ខេត្តកំពង់ចាម ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន អ្នកសាព័ត៌មាន ពិសេសបណ្ដាញទំនាក់ទំនងសង្គមជ្រាបថា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មាន ពីបណ្តាញសារព័ត៌មានដែលបានចុះផ្សាយថា មានករណីបេីកសង្វៀនជល់មាន់ និងល្បែងស៊ីសង (លេងអាប៉ោង) មួយកន្លែងដែលមានម្ចាស់ឈ្មោះលោក ខ្លា នៅភូមិសាស្រ្តឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានប្តរទីតាំងចេញពភូមិអង្គបាន៩ ឃុំអង្គរបាន និងបានធ្វើសកម្មភាពលេងល្បែងស៊ីសង រយៈពេល០២ថ្ងៃហើយ ។
ពាក់ព័ន្ធករណីខាងលេីនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យកម្លាំងជំនាញ ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងកំលាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយពោធិ៍ ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះស្រាវជ្រាវ បង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោង ភ្នាល់ដាក់ប្រាក់) នៅទីចំណុចតំបន់ទួលគោកព្រំ ខាងលិចភូមិប្រហែល១០០០ម៉ែត្រ ស្ថិតក្នុងភូមិទាហ៊ា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
នៅពេលដែលកម្លាំងជំនាញចុះដល់ ពិនិត្យឃើញថា ពុំមានសកម្មភាពលេងល្បែងស៊ីសងប្រជល់មាន់ ទ្រង់ទ្រាយជាសង្វៀន ដូចការចុះផ្សាយរបស់សារព័ត៌មាននោះឡើយ ។ ផ្អែកតាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងខាងលើ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា កន្លងមកសង្កេតឃើញមានសកម្មភាពមនុស្សមួយក្រុម លួចលាក់លេងល្បែងប្រជល់មាន់ជាលក្ខណៈកម្សាន្ត (មួយគូ ឬពីរគូប៉ុណ្ណោះ) ពុំមានលក្ខណៈជាអចិន្ត្រៃយ៍ និងជាសង្វៀននោះទេ ។ ផ្អែកតាមការពិនិត្យ នៅទីនោះក៏ពុំមានបន្សល់ទុកសម្ភារអ្វីជាភស្តុតាងជាក់លាក់នោះដែរ ។
កន្លងមក នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ កម្លាំងជំនាញនៃអធិការនគរបាលស្រុកស្រីសន្ធរ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះ បានចុះបង្ក្រាបជាបន្តបន្ទាប់ ភាគច្រើនជាករណីលួចលាក់ប្រជល់មាន់ចល័តប៉ុណ្ណោះ ហើយអ្នកញៀនល្បែងទាំងនោះត្រូវបានកម្លាំងសមត្ថកិច្ចអនុវត្តវិធានការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ រហូតមកដល់បច្ចុប្បន្ននេះ ពុំមានសកម្មភាពលួចលេងល្បែងជល់មាន់ទៀតនោះទេ រីឯទីតាំងនោះ គឺស្ថិតនៅក្រោមការតាមដាន ល្បាតត្រួតពិនិត្យរៀងរាល់ថ្ងៃពីសមត្ថកិច្ចមូលដ្ឋាន ។ ដោយឡែកចំពោះជនសង្ស័យ ដែលមានឈ្មោះលោក ខ្លា សមត្ថកិច្ចនឹងបន្តការស្រាវជ្រាវ កំណត់អត្តសញ្ញាណ និងបន្តឃ្លាំមើលសកម្មភាពល្មើស ព្រមទាំងប្រមូលភស្តុតាង ដើម្បីអនុវត្តវិធានការជំនាញតាមនីតិវិធី។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណចំពោះសារព័ត៌មាន ដែលបានផ្តល់ជាតម្រុយ ដើម្បីជាមូលដ្ឋានពង្រឹងការអនុវត្តវិធានការជំនាញ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទឲ្យបានទាន់ពេលវេលា។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នើសុំកិច្ចសហការបន្តពីភ្នាក់ងារសារព័ត៌មាន សាធារណជន និងបណ្ដាញទំនាក់ទំនងសង្គម ក្នុងការផ្តល់ព័ត៌មាន ភស្តុតាងច្បាស់ការ ឬចង្អុលបង្ហាញមុខសញ្ញាសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចមានមូលដ្ឋានច្បាស់លាស់ ក្នុងការអនុវត្តវិធានការជំនាញ ឬវិធានការច្បាប់ ឲ្យបានទាន់ពេលវេលា សូមទំនាក់ទំនងយើងតាមទូរស័ព្ទលេខ015 727 337 ឬលេខ069 988 833 យើងខ្ញុំនឹងរក្សាការសម្ងាត់ និងធានាសុវត្ថិភាពជូន។
ឆ្លៀតក្នុងឱកាសនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់ សាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាចៀសវាង យករូបភាពសកម្មភាពល្មើសចាស់ៗ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបរួចមកហើយនោះ មកច្នៃប្រឌិតបង្កើតជារូបភាពថ្មី និងផលិតជាព័ត៌មានមិនពិត បង្កការលំបាកដល់ការអនុវត្តជំនាញ និងអាចនាំឲ្យមហាជនមានការភាន់ច្រឡំ ចំពោះស្ថានការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន ជាពិសេស បង្កឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ច របស់មន្ត្រីនគរបាល និងអង្គភាពអនុវត្តច្បាប់ ៕