ក្រុមកីឡាករទោចក្រយានកម្ពុជា ៣រូប បន្ដការប្រកួត Europe Tour កម្រិត ២.២ នៅប៉ូឡូញ
CAMSOC-ភ្នំពេញ ៖ ក្រុមកីឡាទោចក្រយានជម្រើសជាតិកម្ពុជា ផ្នែកកីឡាកង់គួក ៣រូប រួមមានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា, កីឡាករ សាន ណាម៉ាវ ដែលបានបោះជុំរុំហ្វឹកហាត់ នៅប្រទេសបារាំង បានចូលរួមការប្រកួតអន្ដរជាតិនៅអឺរ៉ុបទៀតហើយ គឺការប្រកួតកង់គួកពានរង្វាន់ CCC Tour Grody Piastowskie UCI Europe Tour កម្រិត ២.២ នៅប្រទេសប៉ូឡូញ ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ជាក់ថា នេះគឺជាលើកទី៤ ហើយ ដែលក្រុមកីឡាកង់គួកកម្ពុជា បានចូលរួមការប្រកួតក្របខ័ណ្ឌ Europe Tour បន្ទាប់ពីពួកគេបានហ្វឹកហាត់ ២ខែកន្លងមកនៅប្រទេសបារាំង ។ ចំពោះការប្រកួតនៅប្រទេសប៉ូឡូញ គ្រោងធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែសីហា ឆ្នាំ២០២១ ។
លោកបានចាត់ទុកការចូលរួមនេះ គឺជាឱកាសដ៏ល្អ ដើម្បីដកស្រង់បច្ចេកទេស និងវាស់ស្ទង់សមត្ថភាពរបស់កីឡាករទោចក្រយានកម្ពុជា ក្រោយការហ្វឹកហាត់ជាមួយសមាគមកីឡាទោចក្រយានកម្ពុជា Cambodia Cycling Academy នៅប្រទេសបារាំង ព្រោះព្រឹត្តិការណ៍ខាងលើ គឺជាការប្រកួតកម្រិតខ្ពស់ ២.២ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ (UCI) ។
សូមរំឭកថា ក្រុមកីឡាទោចក្រយានជម្រើសជាតិ ៣នាក់ខាងលើ បានចេញទៅបោះជុំរុំហ្វឹកហាត់នៅបារាំង កាលពីថ្ងៃទី១២ ខែមិថុនា ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក ខ្លូត ករណី ដោយទទួលបានការគាំទ្រពីឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធ ពិសេសទទួលបានការផ្គត់ផ្គង់ និងសម្របសម្រួលពីសមាគមខ្មែរកីឡាទោចក្រយាន នៅប្រទេសបារាំង ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាតែម្ដង៕