ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ដឹកជញ្ជូនជំនួយបរិក្ខារពេទ្យទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

147

 

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ នាំយកគ្រឿងបរិក្ខារពេទ្យ ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទៅផ្តល់ជូនដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩។

គ្រឿងបរិក្ខារដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឧបត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។

គ្រឿងបរិក្ខារទាំងនេះ ត្រូវបានរៀបចំយ៉ាងផ្ចិតផ្ចង់ដោយក្រុមការងាររបស់ក្រសួងសុខាភិបាល ដឹកនាំដោយលោកស្រី យក់ សម្បត្តិ ហើយរៀបចំដាក់លើយន្តពិសេសកាលពីថ្ងៃទី១៨ ខែសីហាម្សិលមិញនេះ។

ក្រៅតែពីការផ្តល់ជាជំនួយបរិក្ខារពេទ្យនេះទៅ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ ជូនប្រទេសមីយ៉ាន់ម៉ាផងដែរ។ កម្ពុជា ក៏បានផ្តល់ថវិកាប្រមាណ ១០ម៉ឺនដុល្លារ តាមរយៈសហគមន៍អាស៊ាន ជូនមីយ៉ាន់ម៉ាផងដែរ។

ក្នុងលិខិតផ្ញើជូននាយឧត្តមសេនីយ៍ មីង អោងឡាំង មេដឹកនាំមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន សម្តែងការជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ កម្ពុជា និងមីយ៉ាន់ម៉ា នឹងយកឈ្នះលើជំងឺរាតត្បាតសកលកូវីដ១៩ទាំងស្រុង។

ដើម្បីរួមចំណែកជួយដោះស្រាយការលំបាករបស់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ាពីវិបត្តិជំងឺកូវីដ១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារជូនដល់កាកបាទក្រហមមីយ៉ាន់ម៉ាផងដែរ។

ប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅលេខរៀងទី៥ ក្នុងប្រទេសសមាជិកអាស៊ាន ដែលការរីករាលដាលជំងឺកូវីដ១៩ខ្លាំង។ ក្នុងរយៈពេលចុងក្រោយនេះ មេរោគបំប្លែងថ្មីដែលតា កំពុងវាយលុកយ៉ាងខ្លាំងក្លានៅក្នុងប្រទេសមួយនេះផងដែរ។

គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ប្រទេសមីយ៉ាន់ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបជាង ៣៦ម៉ឺននាក់ និងស្លាប់ជាង ១ម៉ឺន ៣ពាន់នាក់។

កម្ពុជា ដ្បិតតែជាប្រទេសតូច ហើយស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតយ៉ាងណាក្តី តែស្មារតីនៃការចូលរួមក្នុងសហគមន៍ ធម៌មេត្តា និងមនោសញ្ចេតនាក្នុងការជួយរំលែកការលំបាកនានា មានលំហរធំទូលាយ ដែលជាវប្បធម៌ដ៏មហស្ចារ្យនៃជាតិសាសន៍នៅអាស៊ីមួយនេះ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ម៉ាស់ប្រមាណ ២លានម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។

ក្រៅតែពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា ក៏បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយប្រទេសសមាជិកអាស៊ាន និងមិនមែនសមាជិកអាស៊ានមួយចំនួនទៀតផងដែរ។

ក្នុងនោះកាលពីខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម។ កាលពីឆ្នាំ២០២០ សម្តេចតេជោ ក៏បានឧបត្ថម្ភម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ នេប៉ាល់ និងទីម័រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង