ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ចូ បៃដិន ៖ កងទ័ពអាមេរិកនឹងបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន រហូតទាល់តែពលរដ្ឋអាមេរិកត្រូវបានជម្លៀសចេញ

81

 

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថានឹងឱ្យកងទ័ពអាមេរិកបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថានរហូតទាល់តែ ពលរដ្ឋអាមេរិកទាំងអស់ត្រូវបានជម្លៀសចេញ ដែលនេះមានន័យថាទោះជាត្រូវរក្សាទុកកងទ័ពអាមេរិកលើសពេលកំណត់ដកចេញត្រឹមថ្ងៃទី៣១ ខែសីហានេះ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។

លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC News នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងជាការឆ្លើយតប ទៅនឹងអ្នករិះគន់ដែលចង់ឱ្យសហរដ្ឋអាមេរិកប្រឹងប្រែងបន្ថែមក្នុងការជម្លៀសពលរដ្ឋស៊ីវិល និងដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជម្លៀសពលរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចេញពីអាហ្វហ្កានីស្ថានឱ្យបានមុនថ្ងៃផុតកំណត់ …តែយើងអាចនឹងនៅទីនោះលើសកាលកំណត់ រហូតទាល់តែពួកគេទាំងអស់គ្នាត្រូវបានជម្លៀស»។

គួរបញ្ជាក់ថា កងទ័ពអាមេរិក ១៥,០០០នាក់ កំពុងបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន កាលពីចុងសប្ដាហ៍មុន ហើយបើតាមការគ្រោងទុកកងទ័ពអាមេរិកទាំងអស់នឹងត្រូវដកចេញឱ្យបានមុនថ្ងៃទី៣០ ខែសីហា ពោលគឺធ្វើយ៉ាងណាឱ្យបានមុន ខួបមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕

អត្ថបទដែលជាប់ទាក់ទង