ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើ «សេចក្តីព្រាងប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យ ឆ្នាំ២០៣៨»

54

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យ និងសម្រេចលើ «សេចក្តីព្រាងប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យ ឆ្នាំ២០៣៨»

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សមាជិកគណៈកម្មាធិការជាតិរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំជំនាញ នៃក្រសួងរៀចំដែនដី ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ សរុបប្រមាណ ៥០រូប។

ក្រោយពីបានផ្សព្វផ្សាយពីសមិទ្ធផលសម្រេចបាន រួមមាន ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ ២០៣៥ ផែនការរៀបចំដែនដីខេត្តបាត់ដំបង ចក្ខុវិស័យ ២០៣០ ផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យ ឆ្នាំ ២០៣០ ប្លង់គោល និងផែនការប្រើប្រាស់ដីក្រុង ស្រុក ខណ្ឌ និងទីប្រជុំជនចំនួន ១៧ និងផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ចំនួន ៨៧ ឃុំ សង្កាត់ អង្គប្រជុំបានពិនិត្យ ពិភាក្សា ផ្តល់ធាតុចូល និងអនុម័តប្លង់គោល ប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣៨។

ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ មានចក្ខុវិស័យរៀបចំនិងអភិវឌ្ឍ «ក្រុងព្រះសីហនុជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍ធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាប័ន្ន» តាមរយៈការអភិវឌ្ឍ៖

១៖ ទីក្រុងទំនើបបៃតងប្រកបដោយភាពច្នៃប្រឌិតរស់រវើកនិងបរិស្ថានរស់នៅល្អប្រសើរបំផុត
 ២៖ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ
៣៖ រមណីយដា្ឋនឆ្នេរសមុទ្រនិងកោះដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅ លម្ហែកាយ និងការកម្សាន្ត
៤៖ មជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍
៥៖ ច្រកចេញចូលអន្តរជាតិនិងភស្តុភាកម្មជាតិដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក
និង៦៖ ទីក្រុងគំរូក្នុងកាគ្រប់គ្រង និងអភិបាលកិច្ចល្អប្រកបដោយសេវាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទីក្រុង បរិក្ខារទីក្រុង និងផ្តល់ការងារសម្បូរបែប។

ដើម្បីសម្រេចបានចក្ខុវិស័យនេះ ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ត្រូវបានកំណត់យុទ្ធសាស្រ្តអភិវឌ្ឍនិងអភិរក្សនគរូបនីយកម្ម យុទ្ធសាស្រ្តគ្រប់គ្រង និងប្រើប្រាស់ដីប្រកបដោយចីរភាព យុទ្ធសាស្រ្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, យុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចដោយបានកំណត់តំបន់យុទ្ធសាស្រ្ត អភិវឌ្ឍវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ និងកសិកម្មជាដើម, យុទ្ធសាស្រ្តអភិវឌ្ឍសង្គមកិច្ចដោយបានកំណត់តំបន់យុទ្ធសាស្រ្តអប់រំ សុខាភិបាល ទីក្រុងគំរូក្នុងការគ្រប់គ្រងនិងអភិបាលកិច្ចល្អ លម្ហសាធារណៈ សួនច្បារ និងខ្សែក្រវាត់តំបន់បៃតង បរិក្ខាររូបវន្ត វប្បធម៌ និងសង្គម, យុទ្ធសាស្រ្តការពារបរិស្ថាននិងគ្រប់គ្រងសំណល់, យុទ្ធសាស្រ្តបង្ការទប់ស្កាត់គ្រោះមហន្តរាយ និងយុទ្ធសាស្ត្រពង្រឹងអភិបាលកិច្ចល្អ គ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុនៅមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងនិងអភិបាលកិច្ចល្អ។

ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣៨ នឹងរួមចំណែកលើកកម្ពស់សូចនាករនៃការអភិវឌ្ឍតាមវិស័យ ក៏ដូចជាសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង