ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូងស្គរ គោះជួងកងរំពង នៅគ្រប់វត្តអារាម ទូទាំងប្រទេស នៅម៉ោង ៦ ល្ងាចថ្ងៃនេះ

93

ភ្នំពេញ ៖ ក្រសួងធម្មការនិងសាសនា បានចេញសេចក្តីណែនាំស្តីពីការបន្លឺសម្លេងស្គរ ជួងកងរំពង នៅគ្រប់វត្តអារាម ទូទាំងព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ៦និង០០ ល្ងាចថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២១ ដើម្បីបើកកម្មវិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស និងជំងឺកូវីដ-១៩ ដោយយោងចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងធម្មការ និង សាសនានៅថ្ងៃ អង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា ការបន្លឺសម្លេងស្គរ ដូងកងរំពង នៅវេលាម៉ោង ៦និង០០នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ យោង ៖ លិខិតលេខ ១០៧/២១ ស.ណ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស។

ក្រសួងធម្មការ និងសាសនា មានកិត្តិយសសូមថ្វាយ ប្រគេន និងជូនដំណឹងដល់ សម្តេចព្រះសង្ឃនាយក ទាំងពីរគណៈ ថ្នាក់ដឹកនាំគ្រប់សាសនា និងលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ព្រះមេត្តា-មេត្តា ជ្រាបថា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៧ មក គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ.) តែងបានសហការជាមួយក្រសួងធម្មការ និងសាសនា មេដឹកនាំសាសនាធំៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំកម្មវិធី អន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងបួងសួងឱ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលើពិភពលោក ទទួលបានសេចក្តីសុខ ជៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើប។

ឯកឧត្តមឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានថ្លែងថា កម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អានសុន្ទរកថាបើកកម្មវិធី ក្រោមប្រធានបទ “សូមពិភពលោក រួចផុតពីជំងឺរាតត្បាត់កូវីដ-១៩ និងអំពើជួញដូរមនុស្ស” (ដែលនឹងថតវីដេអូដោយស្ថានីយទូរទស្សន៍) មុននឹងភ្ជាប់រូបភាពបួងសួង តាមសាសនានីមួយៗ ហើយនឹងត្រូវចាក់ផ្សាយព្រមៗគ្នា គ្រប់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ និងឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តាញព័ត៌មាន និងបណ្ដាញសង្គម។

ដើម្បីញ៉ាំងកម្មវិធីនេះ បានជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជនទាំងក្នុងប្រទេស និងក្រៅប្រទេស ក្រសួង ធម្មការ និងសាសនា សូមធ្វើការណែនាំដូចខាងក្រោម៖

-គ្រប់វត្តអារាម និងព្រះវិហារនៃគ្រប់សាសនា ត្រូវបន្លឺសម្លេងស្គរ ជួងកងរំពង នៅវេលាម៉ោង ៦និង០០នាទីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

-គ្រប់វត្តអារាម និងព្រះវិហារនៃគ្រប់សាសនា ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣កុំ ៣ការពារ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចេញលិខិតមួយគោរពជូន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សំណើសុំឱ្យគ្រប់ទីអារាម ព្រះវិហារនៃគ្រប់សាសនា បន្លឺសម្លេងស្គរ ជួងកងរំពង នៅវេលាម៉ោង ៦និង០០ នាទីល្ងាច ថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២១ ដោយយោង៖ ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ៕

អត្ថបទដែលជាប់ទាក់ទង