វឌ្ឍនភាព នៃការដាំឈើ ជាលក្ខណៈឧស្សាហកម្ម
ភ្នំពេញ ៖ បើតាមរបាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចូលរួមដាំឈើដោយវិស័យឯកជន ជាកត្តាចាំបាច់ក្នុងការជំរុញ ធ្វើឲ្យសម្រេចបានគោលដៅ យុទ្ធសាស្ត្រជាតិលើវិស័យព្រៃឈើ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ ទៅលើការគ្រប់គ្រងព្រៃឈើ ប្រកបដោយនិរន្តរភាពតាមរយៈកំណែទម្រង់វិស័យព្រៃឈើ ដើម្បីផ្តល់ជាប្រយោជន៍ពិតប្រាកដ សម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ បានខិតខំធ្វើកិច្ចការជាច្រើន តាមគ្រប់រូបភាពរួមមាន ការជំរុញការអភិវឌ្ឍន៍ចម្ការឈើដាំទាំងរដ្ឋ ឯកជន និងដៃគូសហការដាំឈើឯកជន-រដ្ឋ រួមទាំងកម្មវិធីលើកទឹកចិត្តនានា ដល់អ្នកវិនិយោគថែមទាំង បានផ្សព្វផ្សាយទូលំទូលាយ ដល់វិស័យឯកជន សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ ឬបុគ្គលជាលក្ខណៈគ្រួសារ ឱ្យមានការចាប់អារម្មណ៍ខ្ពស់ ទៅលើការវិនិយោគលើការដាំឈើ ព្រមទាំងផ្តល់នូវការធានាសិទ្ធិ ទាំងការដាំឈើ ប្រមូលផលឈើ និងជួយរកទីផ្សារផលិតផលឈើ និងការធានាផ្តល់ប្រឹក្សាបច្ចេកទេស លើការងារដាំឈើផងដែរ ក្នុងបំណងធ្វើយ៉ាងណាឱ្យវិសាលភាព លើចលនាចូលរួមពីគ្រប់ស្រទាប់មហាជន ទទួលបានការគាំទ្រខ្ពស់ និងទទួលជោគជ័យលើដំណើរការអនុវត្ត។
យោងតាមស្ថិតិវិស័យព្រៃឈើ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ នៅឆ្នាំ២០២០ បានឲ្យដឹងថា៖ មានសហគមន៍ព្រៃឈើចំនួន ៦៣៨ កន្លែង ស្ថិតក្នុងខេត្តចំនួន២១ គ្របដណ្តប់លើផ្ទៃដីសរុបទំហំ ៥១៨ ៧៧០ ហិកតា និងមានសមាជិកសរុបចំនួន១៦៩៧១៥គ្រួសារ ក្នុងនោះ ១) បានទទួលបានការអនុម័តពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួន៥២០ សហគមន៍ មានផ្ទៃដីទំហំ ៤៤៤ ៨៥៣ ហិកតា ។ ២) បានចុះកិច្ចព្រមព្រៀង ចំនួន ៤៤០ សហគមន៍ ដែលមានផ្ទៃដីទំហំ ៣៦២ ២៣៦ហិកតា និង ៣) មានផែនការទទួលយកការគ្រប់គ្រង ចំនួន១០៣ សហគមន៍ ដែលមានផ្ទៃដីទំហំ ៧០ ៩៩០ហិកតា ។
មានស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើ ចំនួន ៨០ ទីតាំង ស្ថិតក្នុងខេត្តចំនួន ១៩ មានផ្ទៃដីសរុបទំហំ ៥០០ ១៧៨ ហិកតាក្នុងនោះ ១៦ ទីតាំង មានប័ណ្ណកម្មសិទ្ធិលើផ្ទៃដីទំហំ ១០៦ ៥២២ ហិកតា ។
មានក្រុមហ៊ុនដាំឈើដៃគូសហការ និងលក្ខណៈគ្រួសារចំនួន ១០ កន្លែង ក្នុងនេះមានការដាំឈើដៃគូសហការមានចំនួន ៧ ទីតាំង ក្រុមហ៊ុន និងដាំឈើជាលក្ខណៈគ្រួសារចំនួន ៣ ទីតាំង លើផ្ទៃដីសរុបទំហំ ១០២ ១០៨ ហិកតា ។
ការដាំឈើក្នុងសម្បទានដីសេដ្ឋកិច្ច មានចំនួន ១៧ ទីតាំង(ក្រុមហ៊ុន) គ្របដណ្តប់លើផ្ទៃដីចំនួន ២៨០ ៨៧០ ហិកតា ។
នៅក្នុងចំណោមក្រុមហ៊ុន ដែលទទួលបានសម្បទានដីសេដ្ឋកិច្ច ក្នុងការដាំដុះឈើ ចំនួន ១៧ ក្រុមហ៊ុន មានក្រុមហ៊ុនខេម៉ាហ្គ្រា អ៊ិនវេមេន គ្រុប និងក្រុមហ៊ុនខេមទ្រី ខបភើរេសិន ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនឹងគ្នា ហើយក្រុមហ៊ុននេះ បានទទួលដីសម្បទានសេដ្ឋកិច្ច ពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការដាំដុះឈើ ទទួលបានជោគជ័យ ។ ក្រុមហ៊ុននេះបានចុះកិច្ចសន្យា ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០០៧ ដែលមានទីតាំងនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ស្រុកស្រែអំបិល ខេត្តកោះកុង និងស្រុកឈួក ខេត្តកំពត ដែលមានទំហំសរុបប្រមាណ ៨,០០០ហិកតា រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនធ្វើការដាំដុះ បានចំនួនប្រចំនួនប្រមាណ៥,០០០ហិកតា ដោយប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន៤៥០នាក់ ក្រុមហ៊ុនបានធ្វើការឈួសឆាយ និងដាំដុះចាប់ពីឆ្នាំ២០០៧រហូត់មកដល់បច្ចុប្បន្ន។
ក្រុមហ៊ុនបានបង្កើតថ្នាល់បណ្តុះកូនឈើមួយ របស់ក្រុមហ៊ុននៅ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលអាចផលិតកូនឈើ ដែលមានគុណភាពខ្ពស់ ពីការកាត់ត្រួយបណ្តុះ(cutting) ។ ក្រុមហ៊ុនបានជ្រើសរើសដើមមេហ៊ាយប្រ៊ីត ដែលបាននាំចូលមកពីបរទេស ដែលមានលក្ខណៈល្អប្រសើរសម្រាប់លក្ខខណ្ឌប្រទេសរបស់យើង ដើម្បីធ្វើការកាត់ត្រួយបណ្តុះ (cutting) ដែលរហូត់បច្ចុប្បន្នក្រុមហ៊ុន មានសមត្ថភាពអាចផលិតកូនឈើអាកាស្យា បានប្រមាណ៤៥០,០០០កូន ក្នុងមួយខែ ដែលអាចផ្គត់ផ្គង់ការដាំដុះ បានចំនួនប្រមាណជា៤០០ ហិកតា។
ការងារដាំដុះត្រូវបានអនុវត្តន៍នៅរដូវវស្សា ក្រោយពេលដាំដុះរួច យើងបានធ្វើការថែទាំ ដាក់ជី ក្រីមែក កាត់សំអាតស្មៅ ជុសជុលផ្លូវ និងធ្វើផ្លូវភ្លើងដើម្បីការពារហាននិភ័យណាមួយ ដែលកើតឡើងដោយសារភ្លើង ហើយក្រុមហ៊ុនបានបង្កើតទីតាំងស្នាក់នៅ សម្រាប់កម្មករនៅក្នុងចម្ការឈើ របស់ក្រុមហ៊ុនដើម្បីងាយស្រួល ក្នុងការថែទាំតាមតំបន់នីមួយៗ។
សម្រាប់ការផលិតក្តារវីនៀរ (Veneer) យើងជ្រើសរើសយកចម្ការឈើ ដែលមានអាយុចន្លោះពី៦ទៅ៧ឆ្នាំ ដែលមានមុខកាត់ចាប់ពី១២សង់ទីម៉ែត្រឡើងទៅ ហើយដើម្បីកាត់បន្ថយ ការចំណាយក្នុងការដឹកជញ្ជួនក្រុមហ៊ុន បានបង្កើតរោងសិប្បកម្មកែច្នៃក្តារវីនៀរ (Veneer) នៅចំណុចកណ្តាលចម្ការរបស់ក្រុមហ៊ុន។
ការងារដាំដុះឡើងវិញធ្វើឡើង បន្ទាប់ពីធ្វើការប្រមូលផលរួច ដោយគ្រាន់តែភ្ជួរចន្លោះរង ដើម្បីធ្វើការដាំដុះ សម្រាប់គល់ឈើ ដែលធ្វើការប្រមូលរួចយើងរក្សាទុកធម្មតា ហើយចាប់ពីឆ្នាំ២និង៣គល់នេះ និងចាប់ផ្តើមពុកផុយក្លាយជាជី៕