ឪពុកទូរស័ព្ទប្ដឹងសមត្ថកិច្ច ឱ្យចាប់កូនប្រុស ដែលវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់ឪពុកម្តាយ
កណ្តាល ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានចេញរបាយការណ៍ករណី ហឹង្សាក្នុងគ្រួសារ (វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់) ដោយគាត់កូនប្រុសទំនើងម្នាក់តាមពាក្យបណ្ដឹងរបស់ឪពុក។
ករណីនេះកើតហេតុនៅថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៣និង៣០ នាទីនៅចំណុច ផ្ទះជនរងគ្រោះឈ្មោះ សុខ រិន ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
សម្ភារខូចខាត រួមមាន៖ ជញ្ចាំងដែកស័ង្កសីចំនួន១៥ សន្លឹក ធុងទឹកកកជ័រជ្រុងបែក ពណ៌ក្រហម ចំនួន ០១ កៅអីជ័របាក់ចំនួន ០១ និងរបស់របរក្នុងផ្ទះមួយចំនួនធំទៀត។
វត្ថុតាងចាប់យករួមមាន៖ ឈើជ្រុងទំហំ ៥គុណ៥ សង់ទីម៉ែត្រ ប្រវែង៨៥សង់ទីម៉ែត្រ ចំនួន ០១ដើម។
ជនរងគ្រោះ ០១នាក់ ឈ្មោះ សុខ រិន (ឪពុក) ភេទ ប្រុស អាយុ៧៥ ឆ្នាំសញ្ជាតិ ខ្មែរ មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
ជនសង្ស័យ ០១ នាក់ ឈ្មោះ រិន ពៅ (កូន)ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ.ឃុំ កើតហេតុ ខាងលើ ។ (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម និងពិនិត្យយកសំណាកតេស្តរហ័ស កូវីត-១៩ លទ្ធផលគឺអវិជ្ជមាន (-)។
លោកវរសេនីយ៍ឯក អាំ ធូ អធិការ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានរៀបរាប់ពីសភាពរឿងហេតុថា ហេតុដំបូងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង១៣ និង៣០នាទី ជនសង្ស័យ ឈ្មោះ រិន ពៅ បានផឹកស្រាជាមួយបងថ្លៃអស់ចំនួនពីរកំប៉ុង រួចក៏ដើរទៅផ្ទះបងឈ្មោះ រិន ម៉ៅ ផឹកស្រាជាមួយបងប្អូនថ្លៃបួននាក់ អស់ស្រាសរចំនួនមួយលីត្រទៀត ហើយក៏ឈប់ផឹករួចឈ្មោះរិន ពៅ បានដើរឡើងទៅលើផ្ទះ ក៏បានវាយជញ្ចាំងផ្ទះ វាយទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចខ្ទីអស់ ក៏ចុះមកដីវាយអីវ៉ាន់លក់ដូរ ហើយរកដុតម៉ូតូ តែត្រូវបងស្រីឈ្មោះ រិន ណៃចាប់អោបទាញចេញ បន្ទាប់មកជនសង្ស័យឈ្មោះរិន ពៅ បានវាយឈ្មោះ សុខ រិន ត្រូវជាឪពុកតែខុស ក៏ត្រូវបងស្រីបង្កើតឈ្មោះរិន ណៃរងជំនួសត្រូវ មួយដំបង រួចជនរងគ្រោះ ឈ្មោះ សុខ រិន (ត្រូវជាឪពុក) បានតេទូរស័ព្ទ មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ភ្លាមនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ក៏បានចុះទៅដល់ ចំនុចកើតហេតុខាងលើ បានឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង បញ្ជូនមកផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក ដើម្បី សាកសួរជនសង្ស័យ បានឆ្លើយសារភាពថា÷ខ្លួនពិតជាបានយកឈើជ្រុង វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងបានគំរាមសម្លាប់ឪពុកម្តាយពិតប្រាកដមែន ។ បន្ទាប់មកកម្លាំងយើង បានបន្តចាត់ការតាមនីតិវិធី ៕