ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តសាំយ៉ុង បើកលឿនបួងចង្កូតឡើងរំលងលើសួនផ្លូវ ទៅបុករថយន្តព្រូស ចំពីមុខពេញទំហឹង

47

 

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តសាំយ៉ុងដឹកអីវ៉ាន់ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបួងចង្កូតឡើងលើសួនផ្លូវ ទៅបុករថយន្តម៉ាកព្រូស កំពុងតែបើកបរតាមដងផ្លូវ ចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តបង្ក ខ្ចេចមួយកំណាត់មុខទាំងស្រុង កាលពីវេលាម៉ោង ៨និង២០ នាទីយប់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BH- 8329 បើកបរដោយបុរសម្នាក់រួមដំណើរ ជាមួយស្រ្តីម្នាក់ទៀត បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តសាំយ៉ុងមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-5153 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយជាច្រើននាក់ទៀត បើកបរតាមបណ្តោផ្លូវជាតិលេខ៦A ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចមកកើតក្នុងល្បឿនលឿន បានបួងចង្កូតឡើងលើសួនផ្លូវ ជ្រុលទៅបុករថយន្តម៉ាកព្រូស ចំពីមុខពេញទំហឹង បណ្តាលឲ្យម្ចាស់រថយន្តម៉ាកព្រូសជាស្រ្តី រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។

សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ខណ្ឌជ្រោយចង្វារ ចុះមកវាស់វែង និងធ្វើកំណត់ហេតុ យករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង