ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាត AIPA លើកទី៤២ តាមប្រព័ន្ធវីដេអូ ដែលសភាប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ

146
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៤២ នៃអន្តរសភាអាស៊ាន ហៅកាត់ថា (AIPA) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២១ នេះ ដែលសភាប្រទេសព្រុយណេដារ៉ូសាឡាមធ្វើជាម្ចាស់ផ្ទះ។
មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមមូលបទ «ជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥» ។ ពិធីបើកមហាសន្និបាត ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសព្រុយណេដារ៉ូសាឡាម ព្រមទាំងមានការអញ្ជើញចូលរួមពីសភាសមាជិកអាយប៉ាយទាំង១០ គណៈប្រតិភូប្រទេសដែលជាដៃគូសន្ទនា ប្រទេសសង្កេតការណ៍របស់អាយប៉ា និងអង្គការអន្តរសភាតំបន់ និងសកលមួយចំនួនទៀត។
ចាប់តាំងពីមានជំងឺរាត្បាតសកលកូវីដ-១៩ មក ស្ថាប័នអន្តរសភាអាស៊ាននេះ បានរៀបចំមហាសន្និបាតរបស់ខ្លួនតាមប្រព័ន្ធនិម្មិត។ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ដែលប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះពេលនេះប្រារព្ធធ្វើថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។
អន្តរសភាអាស៊ានជាអង្គការសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន ជាសមាជិក។ អង្គការនេះ ជាវេទិកាប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ មានជោគវាសនាតែមួយ។សមាជិក AIPA បានផ្លាស់វេនគ្នាជាប្រធានរៀបចំមហាសន្និបាត តាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេស ជាអក្សរឡាតាំង។ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាប្រធានប្តូរវេនអាយប៉ា លើកទី៤៣ នៅឆ្នាំ២០២២ខាងមុខនេះ។
បន្ទាប់ពីអញ្ជើញចូលរួមពិធីបើកមហាសន្និបាតជាផ្លូវការ សម្តេចអគ្គមមញាចក្រី ហេង សំរិន នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិកាប្រតិបត្តិអាយប៉ា ដើម្បីអនុម័តកម្មវិធី របៀបវារៈមហាសន្និបាត និងការងារផ្ទៃក្នុងអាយប៉ាផ្សេងៗទៀត និងក្រោយមកទៀត សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថា ទៅកាន់មហាសន្និបាត ជាមួយប្រធានគណៈប្រតិភូសមាជិកអាយប៉ាទាំង១០ផងដែរ៕
អត្ថបទដែលជាប់ទាក់ទង