កម្លាំងជំនាញ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពីបទនាំចេញមិនស្របច្បាប់សម្រាប់នាំឆ្លងដែន
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ជាប់ចោទពីបទ នាំចេញមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក ភឿង ម៉ាន់ សិង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ពឺត ពេត ហៅ ពឺន ពេត ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ជននេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ចាប់ឃាត់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលចេញដោយលោក លឹម សុគន្ធារ៉ា ប្រធានក្រុមប្រឹក្សាជំនុំជំរះ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយជាប់ចោទ ពីបទការនាំយកចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន ។ ហើយត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន បាននៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅនឹងផ្ទះជនជាប់ចោទ នៅភូមិល្បើកស្វាយ ឃុំ ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកនាយការិយាល័យ បានបញ្ជាក់ថា៖ ជនជាប់ចោទឈ្មោះ ពឺត ពេតហៅ ពឺន ពេត ត្រូវបានកម្លាំងនគរបាលជំនាញរបស់លោក បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ហើយ៕