បង្កើតទីតាំង ចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ និងដូសទី២ ក្នុងក្របខ័ណ្ឌរាជធានី-ខេត្ត ជូនដល់ប្រជាពលរដ្ឋ និងពលករ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំ ស្ដីពីការបង្កើតទីតាំង ចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ និងដូសទី២ ក្នុងក្របខ័ណ្ឌរាជធានី-ខេត្ត ជូនដល់ប្រជាពលរដ្ឋ និងពលករដែលមិនទាន់បានទទួលការ ចាក់វ៉ាក់សាំងកូវីដ១៩។
គួរបញ្ជាក់ផងដែលថា ទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ នឹងបង្កើតឡើងនៅ តាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលប្រជាពលរដ្ឋងាយស្រួល ទៅទទួលយកសេវា ចាក់វ៉ាក់សាំងកូវីដ១៩។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថាការបង្កើតទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១ និងដូសទី២ ជូនដល់ប្រជាពលរដ្ឋ និងពលករ ដែលនៅសេសសល់ ដោយយោងតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌរាជធានី-ខេត្ត ឯកឧត្តម លោកជំទាវប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់នៅក្នុងការចាក់វាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទៅកន្លងមក។
គ.វ.ក-១៩ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ ជ្រាបថារហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់បានគ្រប់តាមផែនការដែលបានគ្រោង ទុកចំនួន១០លាននាក់នៅឡើយ ដែលតម្រូវឱ្យអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩ ដួសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន ព្រមទាំងរៀបចំផែនការ និងចលនាលើកទឹកចិត្តពួកគាត់ ឱ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តឱ្យបានទាន់ពេលវេលានៅតាមទីតាំងដែលកំពុងដំណើរការចាក់ វ៉ាក់សាំងកូវីដ-១៩ក្នុងពេលបច្ចុប្បន្ននេះឱ្យបានគ្រប់ៗគ្នា។
គ.វ.ក-១៩ ពិនិត្យឃើញថា នៅមានប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងមួយចំនួនមិនទាន់បានមកចាក់ វ៉ាក់សាំងកូវីដ-១៩ ដោយសារមូលហេតុផ្សេងៗ (ដូចជាពលករ ឬប្រជាពលរដ្ឋ ឬនិស្សិតដែលបានវិលត្រឡប់មកពីបរទេស រហើយទើបបានបញ្ចប់ការធ្វើចត្តាឡីស័ក ស្ត្រីទើបសម្រាលកូនរួច និងមូលហេតុផ្សេងៗទៀត) ដូចនេះ សូម ឯកឧត្តមលោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្តចាត់ចែងរៀបចំជាប់ជាប្រចាំទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណះ ដែលប្រជាពលរដ្ឋងាយស្រួលទៅទទួលយកសេវាចាក់វ៉ាក់សាំងកូវីដ-១៩ ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ឬទីតាំងមួយចំនួនទៀតដែលអាចផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋដែលនៅសេសសល់អាចមក ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។
ទន្ទឹមនឹងនេះ គ.វ.ក-១៩ សូមស្នើឱ្យ ឯកឧត្តម លោកជំទាវ ចេញសេចក្តីជូនព័ត៌មានឱ្យបានទូលំទូលាយ និងញឹកញាប់ អំពីទីតាំង និងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងកូវីដ-១៩នៅតាមបណ្តារាជធានី-ខេត្តក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បី ជូនសាធារណជនឱ្យបានជ្រាប និងទៅចាក់វ៉ាក់សាំងកូវីដ-១៩ដោយស្ម័គ្រចិត្តឱ្យបានគ្រប់ៗគ្នា។ លើសពីនេះ សូមផ្សាយជូន សាធារណជននូវលេខទូរសព្ទទំនាក់ទំនងតាមទីតាំងនីមួយៗដែលនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋ ងាយស្រួលធ្វើការទំនាក់ទំនងបាន។ សូម ឯកឧត្តម លោកជំទាវ ចម្លងសេចក្តីជូនព័ត៌មានអំពីទីតាំង និងកាលបរិច្ឆេទនៃ ការចាក់វ៉ាក់សាំងកូវីដ-១៩ មួយច្បាប់មកលេខាធិការដ្ឋាន គ.វ.ក-១៩៕