ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូស ជាជំនួយរបស់ចិន ដឹកមកដល់កម្ពុជាហើយ

177

 

ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម ចំនួន ៥០ម៉ឺនដូសជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ដល់ក្រសួងការពារជាតិកម្ពុជាជំហានទី៣ ត្រូវបានដឹកនាំ មកដល់ប្រទេសកម្ពុជាហើយ នៅរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។

ពិធីប្រគល់ និងទទួលជំនួយវ៉ាក់សាំងនេះ បានធ្វើឡើងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ រដ្ឋាភិបាលចិន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសថា ក្នុងនាមជាមិត្តដែកថែប និងសហគមន៍វាសនារួម ខ្លួននៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងដល់រាជរដ្ឋាភិបាលកម្ពុជា។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជាមិត្ត“ដែកថែប” និងសហគមន៍វាសនារួម ភាគីចិនបានចាត់ទុកបញ្ហាប្រឈមក៏ដូចជាការលំបាកដែលមាននៅកម្ពុជា ជាបញ្ហាប្រឈមក៏ដូចជាការលំបាករបស់ខ្លួន។ ភាគីចិននឹងបន្តផ្តល់ជំនួយជាវ៉ាក់សាំង បរិក្ខារវេជ្ជសាស្ត្រ និងការគាំទ្រជាសម្ភារៈជូនដល់កម្ពុជាតាមលទ្ធភាពដែលអាចធ្វើបាន បន្តធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា។ ចិនមានសុភាសិតមួយតែងពោលថា បើនិយាយត្រូវតែធ្វើ បើធ្វើត្រូវតែមានលទ្ធផល។ ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជា ក៏មិនអាចបញ្ឈប់បានដែរ។ ចាប់តាំងពីរលកថ្មី នៃជំងឺវីរុសកូវីដដែលបានផ្ទុះឡើងនៅប្រទេសកម្ពុជា កាលពីខែកុម្ភៈឆ្នាំ២០២១ នេះមក ដើម្បីឆ្លើយតបសំណើររបស់ភាគីកម្ពុជា រដ្ឋាភិបាលនិងយោធាចិន បានបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់ជំនួយជាវ៉ាក់សាំង និងសម្ភារៈទប់ស្កាត់ជំងឺវីរុសដល់ភាគីកម្ពុជា ជួយសម្របសម្រួលដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស ដោយអស់ពីលទ្ធភាព។

គិតត្រឹមថ្ងៃនេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាសរុបចំនួន ២២.២លានដូស ដែលមានទាំងជំនួយ និងការផ្គត់ផ្គង់តាមការបញ្ជាទិញ ដែលលើកនេះគឺជាជំហានទី៦ ដែលចិនបានផ្តល់ជំនួយជាវ៉ាក់សាំងដល់កម្ពុជា។ រហូតមកដល់បច្ចុប្បន្ននេះ ចំនួនវ៉ាក់សាំងដែលជាជំនួយរបស់ចិនមានចំនួនរហូតដល់ ៣.៧លានដូស។ ចិនបានគោរពតាមពាក្យសន្យា ដោយជួយផ្តល់ការគាំទ្រដ៏សំខាន់សម្រាប់ការបង្កើតប្រព័ន្ធភាពស៊ាំជូនដល់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការតាមគ្រប់ទម្រង់ក្នុងការទប់ស្កាត់នឹងជំងឺវីរុស ជាពិសេសនោះ គឺយុទ្ធនាការចាក់វ៉ាក់សាំងកូវីដដែលត្រូវបានរៀបចំទូទាំងប្រទេស។ នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់រីករាលដាលនៃជំងឺវីរុស និងកាត់បន្ថយសម្ពាធនៃប្រព័ន្ធសុខាលភិបាល។

លោក Wang Wentian បន្តថា រហូតមកដល់បច្ចុប្បន្ននេះ គោលដៅនៃការចាក់វ៉ាក់សាំងជូនប្រជាជន ១០លាននាក់ នៅក្នុងប្រទេសកម្ពុជាជិតសម្រេចបាន អត្រានៃការចាក់វ៉ាក់សាំងមានចំណាត់ថ្នាក់ឈានមុខគេនៅលើពិភពលោក។ លោកថា មានសេចក្តីរាយការណ៍ខ្លះបានលើកឡើងថា ភ្នំពេញជារាជធានីមួយ ដែលមានអត្រានៃការចាក់វ៉ាក់សាំងខ្ពស់បំផុតនៅលើពិភពលោក៕

 

អត្ថបទដែលជាប់ទាក់ទង