ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ភារកីឡា វាយកូនឃ្លីលើតុ មកដល់ពហុកីឡដ្ឋានជាតិ មរតកតេជោ

144

 

CAMSOC-ភ្នំពេញ៖ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបញ្ជាក់ថា សម្ភារកីឡាវាយកូនឃ្លីលើតុ ដែលជាជំនួយឧបត្ថម្ភពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ីត្រូវបានដឹកជញ្ជូនមកដល់សាលកីឡាវាយកូនឃ្លីលើតុនៃពហុកីឡដ្ឋានជាតិមករតតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

អគ្គលេខាធិការរូបនេះបន្ថែម សម្ភារកីឡាវាយកូនឃ្លីលើតុនេះមាន៩មុខ ដែលមានតម្លៃសរុបជាង ៥០០០ដុល្លារអាមរិក ប៉ុន្តែតម្លៃនេះជាតម្លៃបញ្ចុះពិសេសតែម្តង។ តាមរយៈការទទួលបាននូវសម្ភារហ្វឹកហាត់ថ្មីៗបន្ថែមនេះ ត្រូវបានលោក ស៊ុន សុទ្ធារិទ្ធ ជឿជាក់ថា ក្រុមកីឡាករ កីឡាការិនី ដែលគ្រោងនឹងចូលរួមហ្វឹកហាត់បិទខ្ទប់ នាពេលខាងមុខឆាប់ៗនេះនឹងទទួលបាននូវឧបករណ៍ហ្វឹកហាត់គ្រប់គ្រាន់ ដើម្បីសម្រួចបច្ចេកទេសឆ្ពោះទៅប្រកួតប្រជែងស៊ីហ្គេម ២លើកចំពោះមុខកាន់តែល្អប្រសើរផងដែរ។

សម្ភារកីឡាវាយកូនឃ្លីលើតុនេះនឹងប្រើប្រាស់សម្រាប់ការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីឈុតធំ និងឈុតថ្នាល ដើម្បីត្រៀមលក្ខណៈក្នុងការប្រមូលផ្ដុំហ្វឹកហាត់បិទខ្ទប់ នាពេលខាងមុខឆាប់ៗនេះ។ ក្រៅពីការហ្វឹកហាត់នៅក្នុងស្រុក ក្រុមជម្រើសជាតិវាយកូនឃ្លីលើតុមួយចំនួនទៀតក៏ត្រៀមចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន នាខែកញ្ញា ឬខែតុលា ឆ្នាំ២០២១ផងដែរ ជាមួយនឹង១១ប្រភេទកីឡាផ្សេងទៀត ដែលមានចំនួនសរុប ១៣៥នាក់។ នេះជាផែនការហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន របស់របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមជំនួយឥតសំណងរបស់ប្រទេសចិន ក្រៅពីជំនួយឥតសំណងលើការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមបញ្ជាក់ថា នេះជាការហ្វឹកហាត់ត្រៀមរបស់ប្រភេទកីឡាវាយកូនឃ្លីលើតុ នៅក្នុងចំណោមប្រភេទកីឡាជាច្រើនទៀត ដែលត្រូវហ្វឹកហាត់បិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងបរិបទកូវីដ-១៩នេះ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទសវៀតណាម នាខែមេសា-ឧសភា ឆ្នាំ២០២២ ក៏ដូចជាត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕ រូបភាពសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា

អត្ថបទដែលជាប់ទាក់ទង