នគរបាលស្រុកថ្មគោល ចុះបង្ក្រាបនិងអប់រំ អ្នកលេងល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួន៣នាក់ នៅតាមលំនៅដ្ឋាន
បាត់ដំបង៖ អនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងក្នុងអង្គភាព ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (បៀរ៥២សន្លឹក) ០១ករណី នៅចំនុចក្រុមទី៧ ភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង១៥និង១៥នាទី ។
យោងតាមរបាយការណ៍របស់ សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនអប់រំអ្នកលេងចំនួន០៣នាក់ (អ្នកផ្សេងទៀតរត់គេចខ្លួន) ១.ឈ្មោះ នី វេន ភេទស្រី អាយុ ៥៩ឆ្នាំ ជាម្ចាស់ទីតាំង រស់ក្រុមទី៧ ភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ២.ឈ្មោះ ថយ សម្បត្តិ ភេទស្រី អាយុ ៥៤ឆ្នាំ រស់នៅភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល និង៣.ឈ្មោះ លាង សៀង ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល។
ក្នុងកិច្ចសន្យាអប់រំណែនាំ ដែលសមត្ថកិច្ចបានធ្វើចំពោះពួកគាត់គឺ កុំឱ្យប្រព្រឹត្តសកម្មភាពល្មើសបន្តទៀតនេះ សមត្ថកិច្ចបានពន្យល់ណែនាំឱ្យគាត់បានយល់អំពីបញ្ហាប្រឈមនៃករណីឆ្លងរាលដាលជម្ងឺកូវីដ-១៩ក្នុងសហគមន៍ ដែលក្នុងនោះមានចំណែកជាច្រើនករណី ដែលបណ្តាលមកពីការជួបជុំប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសងនេះផងដែរ៕