ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

WHO ផ្តល់ជំនួយ ជាឧបករណ៍សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ជូនរាជរដ្ឋាភិបាលកម្ពុជា

126

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្ដាល នៃក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួលជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្រោមអធិបតីភាពរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយលោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា។

សូមបញ្ជាក់ជូនថា ជំនួយជាឧបករណ៍សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត រួមមាន ១) សម្ភារៈប្រព័ន្ធត្រជាក់ រួមមាន រថយន្តបំពាក់ប្រព័ន្ធត្រជាក់ធុនធ្ងន់សម្រាប់ដឹកវ៉ាក់សាំង ចំនួន៣គ្រឿង និងបរិក្ខាបន្ទាប់បន្សំ ២) សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត រួមមាន ម៉ាស ចំនួន ១៦០,០០០ ម៉ាស់ ស្រោមដៃចំនួន ១៦០,០០០ និងជែលលាងដៃ ចំនួន ៨,៧៥០ដប និង ៣) សម្ភារៈអប់រំសុខភាព ចំនួន ៣០០,០០០ ដែលសរុបជាទឹកប្រាក់ចំនួន ៣២៨, ០៧៦.៥០ ដុល្លារអាមេរិក។

លោកស្រីតំណាងអង្គការសុខភាពពិភពលោក បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាល កម្ពុជា និងក្រសួងសុខាភិបាល ព្រមទាំងស្ថាប័នដែលពាក់ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង ប្រជាជនកម្ពុជាទាំងអស់ ដែលបានចូលរួមការពារ ទប់ស្កាត់ការរីករាលដាលនៃវីរុសកូរីដ-១៩ ដែលរហូតមកដល់ ពេលនេះស្ថានភាព នៃការរាលដាលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ អាចគ្រប់គ្រងបាន។

លោកស្រី វេជ្ជបណ្ឌិត បានគូសរំលេចថា អង្គការសុខភាពពិភពលោកនឹងនៅតែបន្តកិច្ចសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជា មិនត្រឹមតែការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការសុខភាពពិភពលោក ទាំងការិយាល័យនៅប្រទេសកម្ពុជា និងការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលតែងតែជួយ ឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់វិស័យសុខាភិបាលកម្ពុជា ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់អង្គការសុខភាពពិភពលោក ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈ បច្ចុប្បន្ន ដែលយើងបាននិងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការ រាតត្បាតនៃកូវីដ-១៩ ឱ្យបានកាន់តែឆាប់រហ័ស៕

អត្ថបទដែលជាប់ទាក់ទង