ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា អះអាងថា ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល ពុំមែនជាអាជ្ញាប័ណ្ណសម្រាប់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ

64

 

ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធ ចោលទាំងស្រុងនូវទស្សនៈផ្ទាល់ខ្លួនរបស់ លោក វិទិត ម៉ុនតារបន (Mr. Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលបានរិះគន់ចំពោះតុលាការកម្ពុជាថា កាត់ទោសលោក រ៉ុង ឈុន ដោយសារតែការបញ្ចេញមតិ នៅលើបណ្តាញសង្គម Facebook។

តាមរយៈសេចក្តីថ្លែងការណ៍ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បានចាត់ទុកថា ការអត្ថាធិប្បាយរបស់ អ្នករាយការណ៍ពិសេសខាងលើ បង្កឱ្យមានការភាន់ច្រទ្បំ និងជ្រើសយកតែមួយជ្រុងហួសហេតុ។

ជុំវិញករណីនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមជម្រាបជូននូវការពិត ដូចខាងក្រោម៖

ទី១៖ ដូចសព្វមួយដងដែរ បុគ្គលដែលអះអាងខ្លួនជាអ្នកជំនាញ ប៉ុន្តែបម្រើការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន និងមិនមែនជាមន្រ្តីរបស់អង្គការសហប្រជាជាតិ បានតាំងខ្លួនឯងជាចៅក្រម អារកាត់សេចក្ដីលើកិច្ចការផ្ទៃក្នុងរបស់តុលាការ នៃរដ្ឋអធិបតេយ្យមួយ។ ការប្រព្រឹត្តខុសវិជ្ជាជីវៈបែបនេះ គឺជាការបំពានលើក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការរបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស ដែលឯកសារទាំងពីរនេះ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការគោរពច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ទី២៖ ការអះអាងថា ការកាត់ទោស លោក រ៉ុង ឈុន មិនមានភាពត្រឹមត្រូវ និងពុំសមាមាត្រនោះ បង្ហាញថា ក្រុមអ្នកជំនាញទាំងនោះពុំបានយកចិត្តទុកដាក់លើអង្គហេតុនិងអង្គច្បាប់ឡើយ។ ដោយស្រមៃចង់បានជាប់ជានិច្ចនូវរូបភាពសេរីភាពបញ្ចេញមតិជ្រុលហួស ក្រុមអ្នកជំនាញបានមើលស្រាលចំពោះផលវិបាក ដ៏មហន្តរាយនិងមិនអាចវិលត្រទ្បប់ទៅរកសភាពដើមបាននៃព័ត៌មានក្លែងក្លាយ នៅពេលត្រូវបានសាយភាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការធ្វើអត្ថាធិប្បាយលើបញ្ហាព្រំដែន ដោយប្រើប្រាស់ព័ត៌មានបំភ្លៃការពិតនិងបំផ្លើស ពុំមែនជាការអនុវត្តសេរីភាព នៃការបញ្ចេញមតិនោះទេ។ បញ្ហាទឹកដីដែលមានលក្ខណៈរសើបនិងស្មុគស្មាញ ចាំបាច់ត្រូវតែដោះស្រាយ ដោយអ្នកជំនាញដែលមានការទទួលស្គាល់ ហើយក៏មិនត្រូវប្រើប្រាស់ជាឧបករណ៍សម្រាប់ការកេងចំណេញផ្នែកនយោបាយឡើយ ព្រោះវាអាចដុតបញ្ឆេះឱ្យមានការកើនឡើងនូវទស្សនៈជាតិនិយមជ្រុល ដោយសារបរិបទប្រវត្តិសាស្ត្រ។ មានព្រឹត្តិការណ៍មួយចំនួនបានកើតទ្បើងរួចមកហើយ ដែលបណ្តាលមកពីការធ្វើអត្ថា
ធិប្បាយក្នុងហេតុផលនយោបាយចំពោះបញ្ហាព្រំដែន រវាងប្រទេសកម្ពុជានិងប្រទេសជិតខាង។

ទី៣៖ ការស្ទង់មតិតាមអ៊ីនធឺណិតដែលធ្វើឡើង ដោយអង្គការប្រឆាំងរដ្ឋាភិបាល ខុមហ្វ្រែល នៅខែសីហា ឆ្នាំ២០២០ បានបង្ហាញថា អ្នកឆ្លើយតបជិត៨០% បានគាំទ្រការចាប់ខ្លួនលោក រ៉ុង ឈុន ដែលលទ្ធផលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ អំពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ចង់បាននូវសន្តិភាពនិងស្ថិរភាពសង្គម ព្រមទាំងការគាំទ្រចំពោះ ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលខាងលើ។

ទី៤៖ វាជាការខុសឆ្គងដ៏ធ្ងន់ធ្ងរដែលក្រុមអ្នកជំនាញ ថ្លែងថា «អ្នកការពារសិទ្ធិមនុស្សមិនគួរត្រូវចាប់ខ្លួន ឬផ្តន្ទាទោស»។ ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល ពុំមែនជាអាជ្ញាប័ណ្ណសម្រាប់បំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ ការចោទប្រកាន់ចំពោះបុគ្គលណាម្នាក់ គឺផ្អែកលើបទល្មើសដែលបានប្រព្រឹត្តនិងមានចែងនៅក្នុងច្បាប់ ពុំមែនផ្អែកលើថាតើពួកគេស្ថិតក្នុងក្រុមណាមួយនោះឡើយ។ រាល់ការចោទប្រកាន់ទាំងអស់នៅក្នុងតុលាការគឺ ជាប់ពាក់ព័ន្ធទាំងស្រុងទៅនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងការបំពានទៅនឹងរដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញទទួលបាននូវការជំនុំជម្រះ រួមទាំងសិទ្ធិមានមេធាវី ដើម្បីបង្ហាញទទ្ប្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុំជម្រះត្រឹមត្រូវ និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ទី៥៖ ការទាមទាររបស់អ្នករាយការណ៍ពិសេស ឱ្យលុបចោលបទប្បញ្ញត្តិមួយចំនួននៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា គឺមានន័យស្មើនឹងការជំរុញឱ្យកម្ពុជា ធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ និងបំផ្លិចបំផ្លាញដល់នីតិរដ្ឋនៅក្នុងប្រទេស។ ការចាត់ទុកការអនុវត្តច្បាប់ថា ជាការគាបសង្កត់សេរីភាព គឺជាការប្រមាថចំពោះនីតិរដ្ឋនិងការអនុវត្តស្មើភាពគ្នា ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ វាជាករណីកិច្ចរបស់មនុស្សគ្រប់រូប រួមទាំងបុគ្គលអះអាងខ្លួនឯងថា ជាអ្នកការពារសិទ្ធិមនុស្ស ត្រូវអនុវត្តសិទ្ធិរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្ថិតក្នុងព្រំដែននៃច្បាប់។

ទី៦៖ វាជាការគួរឱ្យសោកស្តាយយ៉ាងខ្លាំងដែល អ្នករាយការណ៍ពិសេសទាំងនោះ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងព្រំដែនកំណត់ពិសេស ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពី សិទិ្ធពលរដ្ឋនិងនយោបាយ។ រដ្ឋធម្មនុញ្ញកម្ពុជា ការពារសេរីភាពក្នុង ការបញ្ចេញមតិស្របច្បាប់ ប៉ុន្តែមិនមែនសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្ខូចកេរ្តិ៍ឈ្មោះ ញុះញង់ឱ្យមានអំពើហិង្សា និងសាបព្រោះការរើសអើងជាតិសាសន៍ទ្បើយ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានក្រើនរំលឹកអ្នករាយការណ៍ពិសេស ឱ្យយកចិត្តទុកដាក់ ចំពោះសេចក្តីថ្លែងការណ៍ របស់គណៈប្រតិភូភាគច្រើនលើសលប់ នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលបានគូសបញ្ជាក់ពីភាពចាំបាច់នៃការកែលម្អរបៀប របបការងាររបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស ដោយត្រូវអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ គណនេយ្យភាព និងការទទួលខុសត្រូវ ដោយភាពស្មោះត្រង់។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រម ដោយកាត់ទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់២លានរៀល ចំពោះករណីញុះញង់បង្កបញ្ហានៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំមុន។ ក្រៅពីកាត់ទោសលោក រ៉ុង ឈុន សាលាដំបូងរាជធានីភ្នំពេញ ក៏បានកាត់ទោសមនុស្ស២នាក់ទៀត ដែលចូលរួមទាមទារឱ្យដោះលែង មេសហជីពនេះនោះគឺលោក តុល និមល និង កញ្ញា ស កណិកា ឱ្យជាប់ពន្ធនាគារ២០ខែផងដែរ។ ជនទាំង៣ ត្រូវបានតុលាការពិន័យប្រាក់ ម្នាក់២លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្តឹង គឺគណៈកម្មការព្រំដែន សរុបចំនួន៤០០លានរៀលផងដែរ។ លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម» បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីលោកបានប្រព្រឹត្តបទល្មើស ញុះញង់បង្កឱ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។ ក្នុងពេលចុះទៅកាន់ព្រំដែនខេត្តនេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង